(តាកែវ)៖ លោក គី តិច អនុប្រធានក្រុមការងារចុះជួយស្រុកបាទី និងជាប្រធានចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា យកផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជាធំ ខណៈគោលនយោបាយនេះត្រូវបានថ្នាក់ដឹកនាំកំពូលៗរបស់បក្សបានដាក់ចេញជាយូរមកហើយ ដោយជំរុញឲ្យសមាជិក-សមាជិកាបក្សចុះដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ដើម្បីស្វែងយល់អំពីទុក្ខលំបាករបស់ពលរដ្ឋនោះ។
ថ្លែងនៅក្នុងឱកាសចុះជួបសំណេះសំណាល និងទទួលសមាជិកថ្មីដែលចេញមកពីគណបក្សផ្សេងៗសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លោក គី តិច បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស គឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ដោយមិនដូចគណបក្សខ្លះ ដើរអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ និងប្រជាជន ប៉ុន្តែមិនដែលរស់នៅក្បែរប្រជាជននោះទេ ពេលមានបញ្ហាអ្វីបន្តិចបន្ទួចនាំគ្នារត់ចោលស្រុកអស់ដោយមិនបានខ្វល់ខ្វាយអំពីទុក្ខធុរៈរបស់ប្រជាជននោះឡើយ។
លោកបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ ជាក់ស្តែងជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យជាមួយនឹងការបើកដំណើរការប្រទេសជាតិ សង្គម និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មីផង។
យ៉ាងណាក៏ដោយខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិ៧ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោក គី តិច ក៏បានរំលឹក និងបានអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើ់ញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរដដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយគប្បីបោះឆ្នោតដើម្បីការពារសន្តិភាព ដោយធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងអស់ផងដែរ។
ដោយឡែក លោក ឈិត បូរ៉ាវុធ អនុប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិក្រាំងធ្នង់បានឲ្យដឹងថា បងប្អូនដែលមកពីគណបក្សផ្សេងៗជាពិសេសគឺគណបក្សភ្លើងទៀន គឺមានជាង៤០នាក់បានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់អស់ជំនឿនឹងមេដឹកនាំគណបក្សរបស់ខ្លួនតែងតែសន្យាខ្យល់ មិននិយាយពិតធ្វើពិតដូចគណបក្សប្រជាជនកម្ពុជាទេ។ដូចដែលបងប្អូនដឹងស្រាប់ហើយគណបក្សប្រជាជនមិនសន្យាខ្យល់ទេ មានតែធ្វើជូនបងប្អូនប្រជាពលរដ្ឋតែម្តងដូចជា ការធ្វើផ្លូវ មន្ទីរពេទ្យ និងសាលារៀន ជាដើម។ល។និង។ល។ ព្រោះគណបក្សប្រជាជនកម្ពុជាជាអ្នកធ្វើ មិនមែនអ្នកសម្តែងទេ៕