(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា រយៈពេល ២សប្តាហ៍ មុនមកប្រទេសកម្ពុជាវិញ លោកបណ្ឌិតត្រូវបានគេទូរសព្ទចេញពីបារាំងហាមថា បើមកកម្ពុជា លោកបណ្ឌិតនឹងត្រូវចាប់ដាក់ពន្ធនាគារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត សូ ណារ៉ូ បានអះអាងថា ការព្រមាននោះមិនបានប៉ះពាល់ដល់ការធ្វើមាតុភូមិនិវត្តន៍ របស់លោកបណ្ឌិតឡើយ។ លោកបណ្ឌិត អះអាងថាពេលនេះ លោកកំពុងតែធ្វើសន្និសីទសារព័ត៌មាន ពីវិមានសន្តិភាព ដោយមិនមានការចាប់ខ្លួនឡើយ ហើយលោកក៏បានចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។

បើតាមលោកបណ្ឌិត នយោបាយបង្រួមបង្រួមជាតិ ជាពិសេសនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យអ្នកប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាច្រើននាក់ បានចុះចូលជាមួយសម្តេច។

សូមជម្រាបថា លោកបណ្ឌិត សូ ណារ៉ូ បានមកដល់ស្រុកវិញក្រោយចាកចេញអស់រយៈពេល ១១ឆ្នាំ ហើយមុនពេលមកស្រុកវិញ លោកតែងតែបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពីនាយសមុទ្ទ។

លោក សូ ណារ៉ូ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីមានការតែងតាំងនេះ លោកបណ្ឌិត សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។

ក្នុងសេចក្តីថ្លែងការណ៍នេះ លោក សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។

មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕