(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ អតីតសកម្មជនគណបក្សប្រឆាំង បានលើកឡើងថា ការមករួមរស់ជីវភាពនយោបាយរបស់លោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មិនមែនជាការលក់ឧត្តមគតិនោះទេ។

លោកបណ្ឌិត សូ ណារ៉ូ ថ្លែងបែបនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលធ្វើសន្និសីទសារព័ត៌មានមួយ នៅវិមានសន្ដិភាព ក្រោយបានធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីចាកចេញអស់រយៈពេល ១១ឆ្នាំ។

បើតាមលោកបណ្ឌិត សូ​ ណារ៉ូ ការមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការមើលឃើញនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសនយោបាយឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពជាតិ។ លោកបន្ថែមថា ដំបូងឡើយ រូបលោក និងសកម្មជនដទៃទៀត តែងតែគាំទ្រគណបក្សប្រឆាំង តែដោយសារឃើញសកម្មភាពបក្សនោះ មានចរិតលក្ខណៈហិង្សា ក៏ឈប់គាំទ្រវិញ។

សូមជម្រាបថា លោកបណ្ឌិត សូ ណារ៉ូ បានមកដល់ស្រុកវិញក្រោយចាកចេញអស់រយៈពេល ១១ឆ្នាំ ហើយមុនពេលមកស្រុកវិញ លោកតែងតែបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល ពីនាយសមុទ្ទ។

លោក សូ ណារ៉ូ ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីមានការតែងតាំងនេះ លោកបណ្ឌិត សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។

ក្នុងសេចក្តីថ្លែងការណ៍នេះ លោក សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។

មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕