(កណ្ដាល)៖ លោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤៨នាក់បន្ថែមទៀត ដែលជាអតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ។
តំណាងសមាជិកថ្មីទាំង ៤៨នាក់ បានអានពាក្យស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ធ្វើឲ្យប្រជាជនជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយនឹងប្រជាជន ជួយដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាជន បានទាន់ពេលវេលា។
លោកអនុប្រធានគណបក្សខេត្ត បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។ គណបក្សប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក និងសកម្មជនរបស់គណបក្សនានា គ្រប់និន្នាការនយោបាយដែលចង់ រួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត។
លោកអនុប្រធានបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះ-ឈ្នះដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធា។
លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើឲ្យមុខមាត់របស់ប្រទេសកម្ពុជា លេចត្រដែតនៅលើឆាកអន្តរជាតិ ជាក់ស្តែងថ្មីៗនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដោយជោគជ័យ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍កីឡាអាស៊ីអគ្នេយ៍លើកទី៣២នៅកម្ពុជា បានបង្ហាញឲ្យពិភពលោកបានឃើញនូវកិត្យានុភាពជាតិកម្ពុជា។
លោក នុត ពុធដារ៉ា បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មីអនុវត្តតួនាទីភារកិច្ច ទៅតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖
១. ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។
២. កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់ របស់រដ្ឋដល់ប្រជាជន។
៣. ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។
៤. ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
លោកបន្តថា សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូលថ្មីទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សមជិកទាំងអស់ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕