(តាកែវ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលស្វាគមន៍ ប្រជាពលរដ្ឋមកពីគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗចំនួន១៤៥រូប ចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនេះ លោក ផៃ ស៊ីផាន បានរំលឹកអំពីការបិទបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ប្រវត្តិសាស្ត្រ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការឯកភាពជាតិរយៈពេល៥០០ឆ្នាំ ចុងក្រោយរបស់កម្ពុជា។
លោក ផៃ ស៊ីផាន ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលចាប់ផ្តើមពីប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ការបង្កើតទស្សនទានដោយគ្មានការរើសអើងនិន្នាការគណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយជាក់លាក់ពីគោលនយោបាយយុទ្ធសាស្រ្តចតុកោណឆ្ពោះទៅរកយុទ្ធសាស្ត្របញ្ចកោណសម្រាប់ជ័យជំនះ នៃនីតិកាលទី៧ខាងមុខ។
នៅក្នុងកិច្ចស្វាគមន៍សមាជិកថ្មី ដែលមករួមជីវភាពនយោបាយ រួមសុខរួមទុក្ខ ដើម្បីអភិវឌ្ឍន៍ក្រុមការងារ បានជួយឧបត្ថមកសាងផ្លូវចំនួន៣ខ្សែ ទុកជាសាក្ខីភាព នៃកិច្ចសាមគ្គីកសាងឃុំស្រែរនោង។
លោក ផៃ ស៊ីផាន បានចាត់ទុកការចូលរួមរបស់បងប្អូនជនរួមជាតិ ជាមួយមហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជាថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា។ លោកក៏បានថ្លែងអំណរគុណចំពោះការរួមចំណែកប្រកបដោយភក្តីភាព ដើម្បីការពារសន្តិភាព រក្សាស្ថេរភាព សុវត្ថិភាព និងកសាងសង្គមជាតិកម្ពុជាតែមួយប្រកបដោយប្រសិទ្ធភាព៕