(កំពង់ចាម)៖ អតីតសកម្មជនគណបក្សភ្លើងទៀនមួយគ្រួសារ រស់នៅក្នុងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ដោយសារអស់ជំនឿលើមេបក្ស នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្រេចចិត្តផ្ដួលរំលំស្លាកចេញពីមុខផ្ទះ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក យុន សុធា អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ រួមនឹងគ្រួសារ បានបញ្ជាក់ថា ពួកគាត់លែងជឿទៅលេីការដឹកនាំរបស់មេបក្សក្បត់ជាតិ៣ជំនាន់ទៀតហើយ ព្រោះចូលចិត្តប្រេីប្រាស់នយោបាយបោកប្រាស់ប្រជាជន។ លោក យុន សុធា បន្តទៀតថា ពួកគាត់ខកចិត្តយ៉ាងខ្លាំង ពេលឃេីញមេដឹកនាំ គឺលោក សម រង្សី រួមនឹងបក្សពួក រត់ចោលស្រុក និងប្រេីវិធីសាស្ត្រញុះញង់ឲ្យខ្មែរស្អប់ខ្មែរ។

លោក យុន សុធា បានលើកឡើងទៀតថា ប្រការដែលពួកគាត់សម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺបន្ទាប់ពីពួកគេដឹងខ្លួនថា ការដឹកនាំរបស់គណបក្សប្រឆាំងគ្មានគោលនយោបាយច្បាស់លាស់ មានតែការញុះញង់ អុជអាល និងរើសអើង ជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលនយោបាយច្បាស់លាស់ ដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

គួរបញ្ជាក់ថា មួយរយៈនេះគេសង្កេតឃើញថា សកម្មជនសមាជិក សមាជិកា និងមន្ត្រីគណបក្សប្រឆាំងនៅក្នុងប្រទេស និងក្រៅប្រទេសជាច្រើននាក់ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់៕