(ភ្នំពេញ)៖ លោក ហួរ សារ៉ាត់ អតីតសកម្មជនដ៏សកម្ម របស់លោក សម រង្ស៊ី បានអះអាងថា ថ្នាក់ដឹកនាំសំខាន់ៗដែលនៅក្បែរ លោក សម រង្ស៊ី គឺសុទ្ធសឹងតែជាមនុស្សរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពួកគាត់បានបញ្ជូនព័ត៌មានផ្ទាល់ទៅកាន់សម្ដេចតែម្ដង។

ការចេញមុខអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកគាំទ្រ ក្រុមប្រឆាំងមួយចំនួនបានចោទប្រកាន់ចំពោះរូបលោក ដែលប្រកាសផ្ដាច់ខ្លួនពីក្រុមប្រឆាំងហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ថាជាជនបង្កប់ របស់គណបក្សប្រជាជនកម្ពុជា។

លោក ហួរ សារ៉ាត់ បានទទួលស្គាល់ថា លោកគឺជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជាមែន ប៉ុន្តែលោកពុំដែលបានធ្វើការផ្ទាល់ជាមួយសម្ដេចតេជោនោះទេ ហើយបានអះអាងថា មានថ្នាក់ដឹកនាំនៃក្រុមប្រឆាំងជាច្រើនទៀត ដែលនៅក្បែរនឹង លោកសម រង្ស៊ី គឺសុទ្ធតែជាមនុស្សបង្កប់របស់ សម្ដេចតេជោ ហ៊ុន សែន ដែលពួកគេធ្វើការផ្ទាល់ជាមួយសម្ដេចតេជោតែម្ដង។ លោកបានលើកឧទាហរណ៍អំពីការធ្វើការផ្ទាល់របស់ លោក ឡុង រី ជាមួយសម្ដេចតេជោ ហ៊ុន សែន។

លោក ហួរ សារ៉ាត់ បានរិះគន់អំពីភាពអសមត្ថភាពរបស់ លោកសមរង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលពុំចេះអំពីរឿងចារកម្ម ហើយមិនបានដឹងថា មនុស្សជំនិតរបស់ខ្លួនគឺជាអ្នកធ្វើការឲ្យ សម្ដេចតេជោ ហ៊ុន សែន។

បើតាមអតីតសកម្មជនរូបនេះ លោក សម រង្ស៊ី គឺជាមនុស្សអាត្មានិយម ដែលបានរៀបចំកម្មវិធីផ្សេងៗ ដើម្បីប្រមូលលុយ ហើយលុយទាំងនោះត្រូវបានដាក់ចូលហោប៉ៅ ដោយបានមកដល់សកម្មជនតិចតួចបំផុត។

ខាងក្រោមនេះគឺជាវីដេអូរបស់លោក ហួរ សារ៉ាត់៖