(កំពត)៖ លោក មូ សិត អតីតសមាជិកក្រុមការងារគណបក្ស សង្គ្រោះជាតិខេត្តកំពត និងប្រធានក្រុមការងារក្រុងកំពត និងក្រុងបូកគោ គណបក្សភ្លើងទៀន ខេត្តកំពត បានប្រកាសលាលែងពីគណបក្សចាស់របស់ខ្លួន ហើយស្នើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក មូ សិត បានអះអាងថា គណបក្សប្រជាជនកម្ពុជា ពិតជាគណបក្សនយោបាយដឹកនាំប្រទេស ពោរពេញដោយការអភិវឌ្ឍន៍ រីកចម្រើន ដូច្នេះហើយទើបខ្លួនសម្រេចចិត្តមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។
ជាមួយគ្នានេះ លោក មូ សិត ក៏បានអំពាវនាវដល់សកម្មជនគណបក្សភ្លើងទៀនទាំងអស់ ពិសេសអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួន៕