(កំពង់ស្ពឺ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានប្រកាសបញ្ជូលសមាជិក/សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន១១៩នាក់ ដែលមកពីភូមិចំនួន១២ នៃសង្កាត់ព្រះស្រែ។

កម្មវិធីនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ដាវ អានសាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រះស្រែ និងមានការចូលរួមពីលោក រ៉ា ណារិទ្ធ អនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារ តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងឧដុង្គម៉ែជ័យ និងលោក ទឹម សារ៉ូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រះស្រែ។

គណៈអធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក/សមាជិកាទាំង១១៩នាក់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការផ្តាច់ខ្លួនពីគណបក្សនយោបាយដទៃ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ដាវ អានសាន បានលើកឡើងថា អនុលោមតាមមាត្រា៣ នៃលក្ខន្តិកៈការបញ្ចូលជាសមាជិកគណបក្ស ដែលជាឯកសារកំពូលរបស់គណបក្សបានកំណត់អំពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺប្រមូលកម្លាំងដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

លោក ដាវ អានសាន បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មីអនុវត្តតួនាទីភារកិច្ចទៅតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ដូចជា ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន។ ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលត្រូវជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។ ខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

លោកបន្តថា សមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបបញ្ចូលថ្មីទាំងអស់បានប្តេជ្ញាចិត្តស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សមជិកទាំង១១៩នាក់បានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕