(រតនគិរី)៖ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក គិត ទ្រី បេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលរតនគិរី អាណត្តិទី៧ បានដឹកនាំក្រុមការចុះសួរសុខទុក្ខ និងយកអំណោយផ្តល់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតក្នុងភូមិចំនួន៥ រួមមានភូមិឡាប៉ូ, ភូមិសីល, ភូមិភ្នំ, ភូមិឡូន និងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។

លោក លី ឧសភា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងបានលុង លោក ធូ ឃឿ ប្រធានគណៈកម្មាធិការបក្សក្រុងបានលុង និងលោក ប៊ី ជីវ័ន្តតារា អនុប្រធានគណៈកម្មាធិការបក្សប្រជាជនក្រុងបានលុង ក៏បានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

លោក ប៊ី ជីវ័ន្តតារា បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រុមការងារដែលដឹកនាំដោយលោក គិត ទ្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកយាយ លោកតាចំនួន៧៦នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ា១ សារ៉ុង១ និងថវិកា២០,០០០រៀល។

លោកបានបន្តថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ពួកគាត់រស់នៅក្នុងមូលដ្ឋានរបស់លោក គឺមិនមែនធ្វើតែនៅពេលនេះនោះទេ ពោលគឺដឹងសុខទុក្ខពួកគាត់ តាំងពីដើមរៀងមក។ ទាំងនេះក៏ជាការអនុវត្តតាមការណែនាំរបស់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលលោកគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទូទាំងខេត្តផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះ ក្រុមការងារក៏បានជួយផ្ទៀងផ្ទាត់ប័ណ្ណព័ត៌មានសម្រាប់ការបោះឆ្នោតខាងមុខ និងជួយរំលឹកអំពីកាលបរិច្ឆេទ នៃថ្ងៃបោះឆ្នោតដល់ប្រជាពលរដ្ឋ ខ្លាចក្រែងពួកគាត់មានការភ្លេចភ្លាំង ដែលថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕