(ភ្នំពេញ)៖ លោក ឃឹម វន អតីតសមជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកណ្តាល ជាសមាជិកក្រុមការងារខេត្តកណ្ដាល ទទួលបន្ទុកចុះជួយស្រុកកណ្ដាលស្ទឹង និងជាបេក្ខជនបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន បានប្រកាសលាលែងចេញពីតំណែងនៅក្នុងគណបក្សភ្លើងទៀនដែលខ្លួនមាន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឍ និងកសាងប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
លោក ឃឹម វន បានឱ្យដឹងទៀតថា ក្រោយបានមើលឃើញការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលលោកជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានចំពោះស្នាដដ៏មហិមានេះបានឡើយ។ ជាពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ មានការរៀបចំប្រទេសកាន់តែមានវឌ្ឍនៈភាពឥតឈប់ឈរ។
បេក្ខជនបម្រុងរបស់គណបក្សភ្លើងទៀន រូបនេះ បានឱ្យដឹងទៀតថា សម្ដេចតេជោ បានដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀតសម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរសសម្រាប់រូបលោកចងចាំមិនអាចបំភ្លេចបានឡើយ។ នៅពេលនេះលោកបាទសូមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានធ្វើឲ្យប្រទេសកម្ពុជា លេចត្រដែតឡើងលើឆាកអន្តរជាតិ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ។
លោក ឃឹម វន ក៏បានប្រកាសគាំទ្រនៃគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងសម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ ដោយកន្លងទៅលោកបានចូលរួមបម្រើជាថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយថ្នាក់ដឹកនាំ មិនមានគោលជំហរច្បាស់លាស់ មានតែការបង្ករភាពវឹកវរ ប្រទូសរាយ ចលាចលក្នុងប្រទេស ទើបលោកបាទសម្រេច ចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រឥតងាករេ ចាប់ពីថ្ងៃនេះរហូតតទៅ៕