(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លើងទៀន មួយគ្រួសារ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពេលនេះលាលែងពីសមាជិកបក្សគណបក្សភ្លើងទៀន ហើយសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀននៅពីមុខផ្ទះចោល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

សកម្មជនខាងលើនេះគឺលោក មី ស្រ៊ីន អាយុ៦៦ឆ្នាំ និងប្រពន្ធឈ្មោះ មិន សំបូរ អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទម្លាក់ស្លាកនៅថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២៣ ដោយអស់ជំនឿលើការដឹកនាំមេបក្សនៅក្រៅស្រុក និងសម្រេចចិត្តទម្លាក់ស្លាកពីមុខផ្ទះចោលតែម្តង។

លោក មី ស្រ៉ីន បានបញ្ជាក់ថា គ្រួសារគាត់ឈប់គាំទ្រចំពោះមេដឹកនាំ គណបក្សភ្លើងទៀនទៀតហើយ ព្រោះមេបក្សលោក សម រង្សី តែងតែគេចវេសរត់ចោលស្រុក និងគ្មានគោលនយោបាយដឹកនាំច្បាស់លាស់ ហើយតែងតែញុះញង់ឲ្យបរទេសស្អប់ខ្មែរ និងគ្មានផលប្រយោជន៍ចំណេញដល់ប្រជាពលរដ្ឋកម្ពុជាឡើយ។

លោកបន្តទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី សម្តេចតែងតែគិតគូរ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ថែមទាំងកសាងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យផងដែរ៕