(បន្ទាយមានជ័យ)៖ សមាជិកសមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១,០៦៦នាក់ នៅទូទាំងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសបញ្ចូលជាផ្លូវការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលពួកគាត់បានចាកចេញពីបក្សនយោបាយផ្សេងៗ ក្នុងនោះមកពីបក្សភ្លើងទៀនជាង៦០០នាក់។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារមួយចំនួនទៀត។
យោងតាមរបាយការណ៍របស់គណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា សមាជិកថ្មីទាំងនេះមកពីគណបក្សភ្លើងទៀនចំនួន៦១៣នាក់ (៣៤៤នាក់), គណបក្សហ៊្វុនស៊ិនប៉ិចចំនួន ១៣១នាក់ (ស្រី៦៩នាក់), គណបក្សខ្មែររួបរួមជាតិចំនួន១៣២នាក់ (ស្រី៧១នាក់), គណបក្សសម្ព័ន្ធប្រជាធិបតេយ្យមូលដ្ឋានចំនួន៩៩នាក់ (ស្រី៥២នាក់) និងបក្សផ្សេងៗទៀតចំនួន៩១នាក់ (ស្រី៥៤នាក់) សរុប១០៦៦នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានបេះដូងយ៉ាងទូលំទូលាយ ហើយតែងតែទទួលស្វាគមន៍រាល់សមាជិកមកពីបក្សដទៃមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំង ដើម្បីបម្រើជាតិ និងប្រជាជន។ ជាពិសេសកសាងសង្គមមួយឲ្យរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ជាមួយនឹងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅនោះ លោកបានណែនាំឲ្យ សមាជិកបក្សថ្មីទាំងនោះ ឲ្យចុះធ្វើសកម្មភាពពន្យល់ណែនាំប្រជាពលរដ្ឋពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ។ ជាពិសេសនយោបាយដឹកនាំ របស់សម្តេចតេជោ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។
បន្ថែមពីលើនេះ លោកបានណែនាំឲ្យចុះណែនាំប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា កម្ពុជាបន្តរស់ក្នុងសុខសន្តិភាព ឈានឆ្ពោះទៅជាប្រទេសរីកចម្រើន។
សមាជិក សមាជិកាដែលទើបប្រកាសបញ្ចូលជាផ្លូវការនៅពេលនេះ បានសន្យាស្ម័គ្រស្មោះ ហើយប្រឹងប្រែងធ្វើសកម្មភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមបាននូវប្រជាប្រិយភាព និងប្រៀ ឈ្នះក្នុងព្រឹត្តិការណ៍បោះឆ្នោត នាពេលខាងមុខ។ ពួកគេបានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាចិត្តគាំទ្រមុតមាំចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕