(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក បានលើកឡើងថា ការរួបរួមគ្នាដោយមិនប្រកាន់អតីតកាល គឺជាគ្រឹះនៃការរក្សាបាននូវសន្តិភាពយូរអង្វែង។

លោកស្រីបណ្ឌិត បានលើកឡើងបែបនេះ ខណៈដែលលោកស្រីចុះសំណេះសំណាលជាមួយ សមាជិកសមាជិការក្រុមប្រឹក្សាឃុំ អ្នកសង្កេតការណ៍ និងជនបង្គោលនៅក្នុងឃុំនេះ ដោយក្នុងនោះលោកស្រីបានចែកជូនសម្ភារៈមួយចំនួន សម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខផងដែរ។ បន្ថែមពីនេះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានចុះសួរសុខទុក្ខស្ត្រីមួយចំ​នួនដែលទើបឆ្លងទន្លេរួច នៅក្នុងមណ្ឌលសុខភាពឃុំព្រៃអំពកផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត កុយ ពិសី បានជម្រាបជូនសមាជិកសមាជិកាក្នុងឃុំ អំពីព្រឹត្តិការណ៍នយោបាយថ្មីៗ ដែលមានសមាជិកមកពីគណបក្សនានា ជាពិសេសនៅក្នុងគណបក្សប្រឆាំង បានប្រកាសផ្តាច់ខ្លួនជាបន្តបន្ទាប់ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដូចទឹកបាក់ទំនប់ ក្នុងនោះនៅក្នុងឃុំព្រៃអំពកក៏មានមួយចំនួនផងដែរ យើងស្វាគមន៍ពួកគាត់ដោយអស់ពីចិត្ត។

លោកស្រីបានបញ្ជាក់បន្ថែមថា សកម្មភាពនេះស្តែងឱ្យឃើញអំពីភាពរឹងមាំ និងកាន់តែខ្លាំងក្លាប្រកបដោយមោទនភាព និងសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចបើកទូលាយក្នុងការទទួលយកសមាជិកមកពីគ្រប់មជ្ឈដ្ឋាន។

ឆ្លៀតនៅក្នុងឱកាសនេះ លោកស្រីបានចង្អុលបង្ហាញអំពីគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ និងបានអំពាវនាវឱ្យសមាជិកសមាជិកា និងប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕