(កំពង់ស្ពឺង)៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកាសបញ្ចូលសមាជិកថ្មីប្រមាណ ២៤៤​នាក់ សុទ្ធសឹងជាអ្នកមកពីគណបក្សប្រឆាំង។ សមាជិកថ្មីនេះ មកពីគណបក្ស​ខ្មែរ​រួបរួមជាតិចំនួន ២២នាក់, គណបក្សខ្មែរស្រឡាញ់ជាតិចំនួន ១៤១នាក់, គណបក្សភ្លើងទៀនចំនួន ១៧នាក់ និងអតីតគណបក្សសង្គ្រោះជាតិចំនួន ៦៤នាក់។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោម​អធិបតី​ភាពលោក សុខ ភា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះ​ជួយ​ស្រុកឱរ៉ាក់។

ក្នុងពិធីនោះ លោក សុខ ភា បានប្រកាសស្វាគមន៍សមាជិកថ្មីប្រកបដោយក្តី​សោ​មនស្ស​រីករាយក្រៃលែង។ លោក សុខ ភា បានចាត់ទុកការសម្រេចចិត្ត​របស់សមាជិកមកពីបក្សប្រឆាំងនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ ត្រឹម​ត្រូវ​ដ្បិតពួកគេទទួលបានឱកាសក្នុងការចូលរួមចំណែកបម្រើជាតិ និងប្រជាជន ​ជាមួយគណបក្សប្រជាជនកម្ពុជា តាមឆន្ទៈ និងស្មារតីនៃការចង់បានរបស់ពួក​គេ។

«ការចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជា​រឿងមួយដ៏ត្រឹមត្រូវបំផុត។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែល​តម្កល់​ស្មារតី និងសកម្មភាពរបស់ខ្លួន ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដូច្នេះ​បងប្អូនមានឱកាសក្នុងការបម្រើជាតិ និងប្រជាជនរបស់យើង»។ នេះជាការបញ្ជាក់របស់លោក សុខ ភា។

លោក សុខ ភាព បានផ្តាំផ្ញើដល់សមាជិកចាស់ និងសមាជិកថ្មី ឱ្យបំភ្លេចរឿង ថ្នាំងថ្នាក់អាក់អន់ចិត្តពីអតីតកាល ហើយត្រូវចាប់ដៃរួមរួមសាមគ្គីគ្នាជាធ្លុងប្រឹង​ប្រែងធ្វើការងារជាឧត្តមប្រយោជន៍របស់ជាតិ។ ជាពិសេសត្រូវរួមគ្នាឆ្ពោះទៅ​កាន់ការបោះឆ្នោត ដើម្បីជ័យជម្នះជូនបក្ស។

សមាជិកថ្មីមកពីគណបក្សប្រឆាំងទាំងនោះ បានសម្តែងការរីករាយ ដែលបាន​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសគោរ​ព​ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមិនប្រកាន់ទោសចំពោះរឿងកន្លង ហើយអនុគ្រោះឱ្យពួកគេបានចូលរួម​ជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដែលជាបក្សដែលបានសាងស្នាដៃ និងសមិទ្ធផលមហិមាសម្រាប់ជាតិ។

សមាជិកថ្មីទាំងអស់ប្តេជ្ញាស្មោះស្ម័គ្រជាមួយបក្ស រួបរួមសាមគ្គីផ្ទៃក្នុង ប្រឹងប្រែងបម្រើជាតិ និងប្រជាជន។ ពួកគេប្តេជ្ញារួមគ្នាការពារសុខសន្តិភាព គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីបន្តវេនដោយឥតងាករេ៕