(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២៣ លោក​ ឌិត​ ទីណា​ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកតំបែរ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលសមាជិកថ្មី ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះការស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងស្វាគមន៍សមាជិកថ្មីទាំង ៣៥៨រូប។

នាឱកាសនេះដែរ លោករដ្ឋមន្រ្តី បានលើកឡើងពីគុណតម្លៃ ការបើកទូលាយ និងស្វាគមន៍ពលរដ្ឋគ្រប់រូប ចូលរួមជីវភាពជាមួយគណបក្សប្រជាជន។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានបញ្ជាក់អំពីភាពជាសមាជិកគណបក្ស គឺត្រូវស្មោះត្រង់និងចាំបាច់ណាស់ត្រូវមានកាតព្វកិច្ចទៅបោះឆ្នោត ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះជូនគណបក្ស។

បន្ថែមមួយកម្រិតទៀត គឺការក្លាយខ្លួនជាសកម្មជនគណបក្ស គឺត្រូវចូលរួមក្នុងការពង្រឹង និងពង្រីកគណបក្ស ដោយត្រូវដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ការអនុវត្តគោលការណ៍ ក៣ ព្រមទាំងធ្វើការពន្យល់ ការផ្សព្វផ្សាយឃោសនា តាមរូបភាពផ្សេងៗប្រកបដោយភារត សន្តិភាព និងការស្ម័គ្រចិត្ត ជាពិសេសត្រូវធានាចំនួនសន្លឹកឆ្នោតឱ្យទទួលបានតាមចំនួនសមាជិកដែលមាន ដោយក្នុងនោះឃុំតំបែរ ៥២៦២នាក់ ឃុំគោកស្រុក ៤៥០០នាក់ ឃុំត្រពាំងព្រីង ៥៧៩៧នាក់ជាដើម។

គណបក្សប្រជាជនមានគោលនយោបាយតែមួយ ដើម្បីប្រជាជន ដើម្បីយើងទាំងអស់គ្នា ដូច្នេះត្រូវមានសាមគ្គីភាព សហការគ្នាល្អ ចូលរួមជាមួយគ្នា និងជួយគ្នាទៅវិញទៅមក តាមរយៈវប្បធម៌ចែករំលែកជួយទាំង កំលាំង ស្មារតី ធនធាន ចំណេះដឹង ដើម្បីអភិវឌ្ឍន៍៕