(ភ្នំពេញ៖ សកម្មជនអតីតគណបក្សប្រឆាំង ចំនួន៥៩៥រូប បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

សកម្មជនអតីតគណបក្សប្រឆាំង ទាំង៥៩៥រូប ត្រូវបានបែងចែកជា៥សាខា នោះគឺ ទី១៖សាខាគណបក្សភ.ព៩, ទី២៖ សាខាគណបក្សភ.ព១១, ទី៣៖សាខាគណបក្សភ.ព១២, ទី៤៖សាខាគណបក្សភ.ព១៣ និងទី៥៖ សាខាគណបក្សភ.ព១៤។

ការសម្រេចប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

សមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាពជាមួយគណបក្ស​ប្រជាជន​កម្ពុជា ទាំង៥៩៥រូបបានលើកឡើងថា ការដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ដោយប្តេជ្ញាទៅបោះឆ្នោត គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីទុក្ខវេទនាបំផុត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបប ប៉ុល ពត ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុកគ្រាប់គ្រាន់ និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ លោកក៏បានលើកឡើង ពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ ដូច្នេះយើងត្រូវរួមគ្នា ការពារសន្តិភាពឲ្យួបានគង់វង់ ដោយត្រូវនាំគ្នា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕