(ត្បូងឃ្មុំ)៖ លោក មាត់ សឹម អនុប្រធានខ្មែឥស្លាមចុះជួយខេត្តត្បូងឃ្មុំ នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក សុខ ចន្ថា បេក្ខភាពក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាសន្តិសុខការពារលោក កឹម សុខា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានប្រកាសស្វាគមន៍ចំពោះ អនុប្រធានខ្មែឥស្លាមចុះជួយខេត្តត្បូងឃ្មុំ និងបេក្ខភាពប្រឹក្សាខេត្ត នៃអតីត គណបក្ស សង្គ្រោះជាតិ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក មាត់ សឹម និងលោក សុខ ចន្ថា បានអះអាងថា បន្ទាប់ពីក្លាយជាសាច់ឈាមតែមួយ ដោយមើលឃើញការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការងារបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

អតីតអនុប្រធានខ្មែឥស្លាមចុះជួយខេត្តត្បូងឃ្មុំ នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក សុខ ចន្ថា បានលើកឡើងថា មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីលោក កឹម សុខា ដោយសារតែលោកមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅ រកការភិវឌ្ឍគ្រប់បែបយ៉ាង។ ម្យ៉ាងទៀតនៅក្នុងគណបក្សភ្លើងទៀន មានមន្រ្តីជាច្រើនបានរងអំពើអយុត្តិធម៌ និងប្រកាន់បក្សពួករវាងក្រុមក្រុមការងារថ្នាក់ជាតិ និងក្រុមការងារមូលដ្ឋាន ដែលក្នុងនោះក្រុមការងារមូលដ្ឋាន បានប្រឹងប្រែងធ្វើការ និងលះបង់គ្រប់បែបយ៉ាង តែផ្ទុយទៅវិញក្រុមការងារថ្នាក់ជាតិជាអ្នកទទួលផល ដោយឈលេខរៀងល្អទៅវិញ។

អតីតអនុប្រធានខ្មែឥស្លាមចុះជួយខេត្តត្បូងឃ្មុំ នៃអតីតគណបក្សសង្គ្រោះជាតិ លោក សុខ ចន្ថា ក៏បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឱ្យលោកបានចូលរួមបម្រើការងារជាមួយគណបក្សប្រជាជន ហើយលោកក៏បានអំពាវនាវ ដល់សមាជិកអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន សូមងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា និងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ។

អតីតអនុប្រធានខ្មែឥស្លាមចុះជួយខេត្តត្បូងឃ្មុំ នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក សុខ ចន្ថា ក៏បានលើកឡើងផងដែរថា ការសម្រេចចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមានការបង្ខិតបង្ខំ ឬមានការអូសទាញពីមន្រ្តីគណបក្សប្រជាជននោះទេ ពោលគឺជាការសម្រេចចិត្តចូលរួមដោយខ្លួនឯង៕