(ស្វាយរៀង)៖ លោក ព្រំ ជា អតីតសមាជិកក្រុមប្រឹក្សាស្រុកចន្ទ្រា និងជាក្រុមការងារចុះជួយខេត្តស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិ បាននាំក្រុមគ្រួសាររបស់លោក មកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំ។

លោក ព្រំ ជា និងក្រុមគ្រួសារ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា។

លោកបានថ្លែងថា បន្ទាប់ពីបានតាមដានដោយយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ និងមន្ត្រីពោរពេញដោយសមត្ថភាព បទពិសោធន៍ក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

បន្ថែមលើសពីនេះ លោក ព្រំ ជា បានគាំទ្រទាំងស្រុងនូវគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ហើយការចូលរួមជីវភាពនយោបាយនេះ គឺពុំមានការបង្ខិតបង្ខំនោះទេ ជាការស្ម័គ្រចិត្តរបស់លោកនិងក្រុមគ្រួសារ។

ជាមួយគ្នានេះ លោក មុឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បានស្វាគមន៍ ចំពោះការចូលរួមជីវភាពនយោបាយរបស់លោក ព្រំ ជា និងក្រុមគ្រួសារ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព។

សូមបញ្ជាក់ថា លោក ព្រំ ជា គឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិយ៉ាងសកម្ម ដែលរយៈការកន្លងមកធ្លាប់បានចូលរួមដកបង្គោលព្រំដែន ជាមួយជនក្បត់ជាតិបីជំនាន់សម រង្ស៉ី ផងដែរ តែដោយមើលឃើញការដឹកនាំរបស់រាជរដ្ឋាភិបាល បាននាំមុខនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទើប លោកសម្រេចចិត្តចូលរួមជាភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ផ្ទុយទៅវិញមេដឹកនាំក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី មិនដែលធ្វើអ្វីសោះ បានតែញុះញង់អុជអាលឲ្យជាតិបែកបាក់គ្នាតែប៉ុណ្ណោះ៕