(តាកែវ)៖ សមាជិកគណបក្សភ្លើងទៀនចំនួន២៨នាក់ នៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តកាកែវ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។

ការចូលរួមជីវភាពនយោបាយរបស់អតីតសមាជិកបក្សភ្លើងទៀន នៅមូលដ្ឋាននេះ ត្រូវបានស្វាគមន៍ និងសំណេះសំណាលដោយ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយស្រុកគិរីវង់។

នាឱកាសដែលយុទ្ធនាការឃោសនាបោះឆ្នោត កំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ លោកស្រីបណ្ឌិត កុយ ពិសី បានជម្រាបជូនដល់សមាជិកថ្មីទាំងនោះ អំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងអំពីការលះបង់សាច់ស្រស់ឈាមស្រស់របស់សម្តេចតេជោ និងវីរៈជនកម្ពុជាដែលបានលះបង់ ដើម្បីយើងមានសន្តិភាពនាថ្ងៃនេះ។ បន្ថែមពីនេះ លោកស្រីបានបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានឲ្យគូសសាកល្បងលើពង្រាងក្រដាសថតចម្លង ដើម្បីគូសឲ្យត្រូវនៅថ្ងៃបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ។

អតីតសមាជិកគណបក្សភ្លើងទៀនទាំងនោះ បានប្តេជ្ញារួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបានប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត៕