(ព្រះវិហារ)៖ លោក គឹម ចិន្តាវុធ អតីតប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលជាសមាជិកអតីតគណបក្សភ្លើងទៀន សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន១២២៩នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃម្សិលមិញ ក្រោមវត្តមានលោក មាស សុភា, លោក គឹម ចិន្តាវុធ បានថ្លែងដោយក្តីសោមនស្សរីករាយក្រៃលែង ដែលរូបលោកត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ជាផ្លូវការ​បន្ទាប់ពីរូបលោកបានលាចេញពីតំណែងប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុករវៀង កាលពីរយៈពេលកន្លងមក។

ស្របពេលថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាជិតចូលមកដល់ លោក គឹម ចិន្តាវុធ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជាសមាជិកអតីតគណបក្សភ្លើងទៀន សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត។ ពិសេសឈប់ជឿតាមការញុះញង់ របស់អតីតគណបក្សប្រឆាំងតទៅទៀត ផ្ទុយទៅវិញត្រូវចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕