(ភ្នំពេញ)៖ លោក សុង សិរី ជាអតីតសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តបន្ទាយមានជ័យ និងជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឍ និងកសាង ប្រទេសជាតិទៅថ្ងៃអនាគត ។

លោក សុង សិរី បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យដែលលោកជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចបានចំពោះស្នាដៃដ៏មហិមានេះបានឡើយ។ ជាពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ មានការរៀបចំប្រទេសកាន់តែមានវឌ្ឍនភាពឥតឈប់ឈរ។ សម្តេចតេជោបានដឹកនាំប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្ដេចតជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់លោកចងចាំមិនអាចបំភ្លេចបានឡើយ ។

លោកសូមគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

លោកបានរិះគន់មេដឹកនាំក្រុមប្រឆាំង ដែលមិនមានគោលជំហរច្បាស់លាស់ មានតែការបង្កភាពវឹកវរ ប្រទូសរាយ ចលាចល ក្នុងប្រទេស៕

ខាងក្រោមនេះជាវីដេអូរបស់ លោក សុង សិរី៖