(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការសម្រេចចិត្តចូលជាសមាជិកបក្សថ្មីបន្ថែម ក្នុងគណបក្សប្រជាជន គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយ សម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

ការលើកឡើងបែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំព្រះធាតុ ចំនួន៣០១នាក់ទៀត ដែលទើបចូលរួមជីវភាពនយោបាយបន្ទាប់ពីថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយមានការចូលរួមពីលោក-លោកស្រី ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន គ្រប់ថ្នាក់ និង សមាជិក សមាជិកា គណបក្សស្រុក ឃុំ ស្ថិតនៅភូមិទិ១២ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង ជាពិសេសនៅក្នុងស្រុកអូររាំងឪ ប្រជាជនបានទទួលបានការអភិវឌ្ឍ មានសាលារៀន ការជួសជុលផ្លូវ ស្ទើតែទាំងអស់ មានបន្ទប់ទឹក ទឹកស្អាតប្រើប្រាស់ នៅតាមសាលារៀន មានអំពូលភ្លើងទេវតា (អំពូលសូឡា) តាមមូលដ្ឋាន និងធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាជនបានល្អប្រសើរ។

លោក អ៊ាង សុផល្លែត បានធ្វើការណែនាំអំពីការគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជៀសវាងការជឿឃោសនារបស់ជនអគតិមួយចំនួនដែលចង់បំផ្លាញការបោញឆ្នោត ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញ និងជួយប្រមូលសាច់ញាតិក្រុមគ្រួសាររបស់ខ្លួនឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេតាបាចផ្កា លេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា៕