(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែកក្កដា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន បានផ្ញើសារលិខិតអបអរសាទរខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាចំពោះសម្តេច ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា។

លោក Zhao Leji បានលើកឡើងថា ចិននិងកម្ពុជាជាប្រទេសជិតខាង និងជាមិត្តដែកថែបដ៏ប្រពៃណី។ ចំណងមិត្តភាពរវាងចិននិងកម្ពុជា បានឆ្លងផុតការសាកល្បង នៃការប្រែប្រួលចំពោះសភាពការណ៍អន្តរជាតិ ហើយបានក្លាយជាគំរូដែលប្រទេសប្រព័ន្ធខុសគ្នាជឿទុកចិត្តគ្នាយ៉ាងស្មោះត្រង់ គោរពគ្នាដោយស្មើភាព ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈរួមជាមួយរដ្ឋសភាកម្ពុជា បន្តអនុវត្តយ៉ាងយកចិត្តទុកដាក់នូវមតិឯកភាព របស់ប្រមុខរដ្ឋប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគ្នាក្នុងស្រទាប់ខុសគ្នា ធ្វើការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមចំណែកក្នុងការបង្កើតសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងតាមស្តង់ដារខ្ពស់។

ជាការឆ្លើយតប សម្តេច ហេង សំរិនបានលើកឡើងថា ខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ជាគោលគីឡូម៉ែត្រដ៏សំខាន់នៃការដែលប្រទេសទាំងពីរបានបន្តឱ្យមិត្តភាពដែកថែបកាន់តែជ្រាលជ្រៅ និងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជឿជាក់ថាភាគីទាំងពីរនឹងបន្តឈរលើមូលដ្ឋានសមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្សព្វផ្សាយមិត្តភាពដ៏ជិតស្និទ្ធ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មី។ រដ្ឋសភាកម្ពុជាមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមចំណែកក្នុងការបង្កើតក្របខ័ណ្ឌ «សហប្រតិបត្តិការត្បូងពេជ្រ»រវាងកម្ពុជានិងចិន ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជនប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន