(ភ្នំពេញ)៖ សកម្មជនអតីតគណបក្សប្រឆាំងចំនួន២៧៩រូប បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់ និងមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

ពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីទាំង២៧៩រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

តំណាងសមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ទាំង២៧៩រូប បានលើកឡើងថា ការដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់បានមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាងទាំងយុវភាព និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។ សន្តិភាពបានមកពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជា មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំហើយ ដូច្នេះយុវជនយើងទាំងអស់ ត្រូវការពារ សន្តិភាព ដែលរកបានដោយកម្រនេះឲ្យបានគង់វង្ស។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរកសន្តិភាព និងធ្វើការអភិវឌ្ឍជូនជាតិ។ ដូច្នេះសូមបងប្អូនយើងទាំងអស់គ្នា រួមគ្នាការពារសន្តិភាពឲ្យបានតាមរយៈនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ខាងមុខនេះ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕