(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់មុខងារបណ្ដឹងតវ៉ាក្នុងកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងបានឲ្យដឹងថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ នៅឆ្នាំ២០២២ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។

លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ។

បច្ចុប្បន្ននេះ ក្រៅអំពីមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា កម្មវិធី MPTC Speed Test នេះ មានមុខងារយ៉ាងសំខាន់មួយទៀតគឺ មុខងារការដាក់ពាក្យបណ្ដឹងតវ៉ា ដែលអនុញ្ញាតឱ្យអតិថិជនរាយការណ៍ពីបញ្ហាគុណភាពសេវាដែលកំពុងជួបប្រទះ និងទទួលបានដំណោះស្រាយលើបញ្ហាទាំងនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា។

ចំពោះរបៀបនៃការដាក់ពាក្យប្តឹងតវ៉ាតាមរយៈ កម្មវិធី MPTC Speed Test នេះ សូមទាញយក “និតីវិធីនៃការស្នើសុំដាក់ពាក្យបណ្ដឹងតវ៉ា តាមកម្មវិធី MPTC Speed Test ” ដោយស្កេន QR Code ខាងក្រោម ឬ សាកសួរព័ត៌មានបន្ថែមមកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល [email protected]

ក.ប.ទ. សូមអំពាវនាវជាថ្មីម្ដងទៀត ដល់សាធារណជនទាំងអស់ចូលរួមទាញយក (Download) កម្មវិធីនេះមកប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “MPTC Speed Test” លើ App Store ឬ Play Store ឬ ស្កេន QR Code ខាងក្រោម ជាការស្រេច។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងសូមបណ្តាញសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយអំពីមុខងារថ្មីនេះឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ៕