(ព្រះសីហនុ)៖ លោក ឆាយ រ៉ាត់ អតីតក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀនខេត្តព្រះសីហនុ និងជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ ដែលគូសខ្វែងសន្លឹកឆ្នោតចោល ចេញមកសារភាពទោសកំហុស និងសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសារភាពល្ងង់ខ្លៅរបស់ខ្លួនជឿតាមការញុះញង់របស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី។

តាមរយៈវីដេអូសារភាពទោសកំហុសនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឆាយ រ៉ាត់ បានរៀបរាប់យ៉ាងដូច្នេះថា «សូមគោរពសម្ដេចតេជោ ហ៊ុន សែន ជាទីគោរព ខ្ញុំបានដើរខុសផ្លូវចំពោះការញុះញង់របស់ទណ្ឌិត សម រង្ស៉ី នៅក្រៅប្រទេស ដែលបានឃោសនាឲ្យខ្ញុំគូសខ្វែងនៅលើសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតព្រឹកមិញ ខ្ញុំសូមទទួលកំហុសគ្រប់យ៉ាងដោយសារតែ មានភាពល្ងង់ខ្លៅ ជឿជាក់លើទណ្ឌិត សម រង្ស៉ី ដែលបំផុសឲ្យខ្ញុំគូសខ្វែង ខ្ញុំសូមគោរព និងសុំទោសសម្ដេចតេជោ ហ៊ុន សែន សូមសម្ដេចផ្ដល់ការអធ្យាស្រ័យដល់ខ្ញុំ»

ជាមួយគ្នានេះ លោក ឆាយ រ៉ាត់ ក៏បានប្រកាសលាលែងពីតំណែងទាំងអស់ និងសមាជិកគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕

សូមស្ដាប់ការសារភាពកំហុសរបស់លោក ឆាយ រ៉ាត់៖