(មណ្ឌលគិរី)៖ អគារសិក្សាមួយខ្នង ដែលគ្រោងចំណាយការសាងសង់ជិត១០ម៉ឺនដុល្លារ ក្រោមជំនួយឧបត្ថម្ភពីសមាគមមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌល បានរៀបពិធីក្រុងពាលី បញ្ចុះបឋមសិលាសាសង់ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធានមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ នៅភូមិចុងថាងដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកស្រី ទាវ ប៊ុនចិន្តា ជាអនុប្រធានមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ កម្ពុជា-ចិន នឹងជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសប្បុរសជន កម្ពុជា-ចិន មជ្ឈមណ្ឌលទេសចរណ៍ KH-CHN បានឯកភាពសាងសង់សាលារៀនថ្មីមួយខ្នង ឲ្យសិស្សានុសិស្សបានរៀនសូត្រ ដោយសារមើលឃើញពីសភាពចាស់ទ្រុឌទ្រោម និងលិចទឹកក្នុងថ្នាក់រៀនផងដែរ។ អាគារសិក្សាថ្មីដែលសាងសង់នេះ ក្នុងគោលដៅបំពេញតម្រូវការខ្វះខាតអភិវឌ្ឍធនធានមនុស្ស ជំរុញការសិក្សាអប់រំ នៅតាមជនបទ។

ក្នុងឱកាសនោះ លោកស្រី ម៉ាត់ ម៉ារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមទេសចរណ៍វប្បធម៌ កម្ពុជា-ចិន បានផ្តល់ជំនួយក្នុងការសាងសង់អគារសិក្សាដ៏រឹងមាំ និងសម្តែងនូវក្តីកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរដែនដី ដែលខិតខំសម្របសម្រួលជាមួយដៃគូ ដើម្បីធ្វើឲ្យសមិទ្ធផលនេះ លេចរូបរាងឡើង។

លោកស្រីរដ្ឋលេខាធិការ បានចាត់ទុកសកម្មភាពសហប្រតិបត្តិការនេះ ពិតបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល លើការកែទម្រង់ជាតិ ពិសេសកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំ ក្នុងគោលដៅដើម្បីការអភិវឌ្ឍភាពសុខដុមរមនា និងវិបុលភាពរបស់កម្ពុជា៕