(ភ្នំពេញ)៖ កងទ័ពកម្ពុជា-ថៃ នឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាជាលើកដំបូងបំផុតទាក់ទង និងការសង្រ្គោះ និងរុករក រួមទាំងការសង្រ្គោះគ្រោះមហន្តរាយនានា នៅលើទឹកដីថៃ នាអំឡុងខែសីហា ឆ្នាំ២០២៣នេះ ដោយលំហាត់ហ្វឹកហ្វឺននេះ ក៏ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការទ្វេភាគីនៃកងទ័ពទាំងពីរ ឱ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ។
បើយោងតាមលទ្ធផលនៃកិច្ចប្រជុំ ថ្នាក់នាយទាហានសេនាធិការជាន់ខ្ពស់កម្ពុជា-ថៃលើកទី៧ ដែលរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ដោយកិច្ចប្រជុំនេះដឹកនាំសហប្រធានដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ទីធិឆៃ ថាន់ថង (Thitichai Tiantong) នាយសេនាធិការចម្រុះ នៃកងទ័ពភូមិន្ទថៃ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនលើកិច្ចសហប្រ តិបត្តិការទ្វេភាគីទាក់ទងនឹងសន្តិសុខនៅតាមព្រំដែន និងបញ្ហាជាច្រើនទៀតដែលនឹងត្រូវរួមគ្នាដោះស្រា និងកិច្ចការមនុស្សធម៌ជាច្រើនទៀត។
តាមលទ្ធផល នៃកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពគ្នាជាច្រើន ដោយក្នុងនោះកងយោធពលខេមរភូមិន្ទ គ្រោងចាត់បញ្ជូននាយទាហានបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ទៅចូលរួមលំហាត់រួមកម្ពុជា-ថៃលើកទី១ លើប្រធានបទសង្រ្គោះ និងរុករករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ នៅប្រទេសថៃ។ ដោយឡែកកងទ័ពជើងគោកកម្ពុជា ក៏នឹងទៅចូលរួមផ្លាស់ប្តូរ ជំនាញសង្រ្គោះគ្រោះមហន្តរាយ( HADR) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហានេះផងដែរ។
លទ្ធផលនៃកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពគ្នាផ្លាស់ប្តូរវេជ្ជសាស្រ្តយោធា ក្នុងនោះ នាយកដ្ឋានកិច្ចការព្រំដែនថៃ ស្នើឱ្យកម្ពុជាបង្កើតការផ្លាស់ប្តូរវេជ្ជសាស្រ្តរវាងយោធាប្រទេសទាំងពីរ ហើយនាយកដ្ឋានព្រំដែនកងទ័ពថៃ នឹងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធរបស់កងទ័ពកម្ពុជាសម្រាប់ព័ត៌មានលម្អិត សម្រាប់កិច្ចការងារនេះនាពេលឆាប់ៗផងដែរ។
បើតាមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កិច្ចប្រជុំលើកទី៧ ថ្នាក់នាយទហានសេនាធិការជាន់ខ្ពស់កម្ពុជា និងថៃនេះ បានពិភាក្សាលើកិច្ចការមួយចំនួន ដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងហ្វឹកហ្វឺនបណ្តុះបណ្តាល, ការផ្លាស់ប្តូរទស្សនកិច្ច រវាងទ័ពកម្ពុជា និងថៃ, កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរចារកិច្ច, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការលើ គម្រោងបណ្ដុះបណ្ដាលផ្នែកកសិកម្ម, កិច្ចសហប្រតិបត្តិការ រវាងគ្រប់ប្រភេទទ័ព, យន្តការកិច្ចប្រជុំថ្នាក់នាយទាហានជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌ និងបញ្ហាផ្សេងៗទៀតនៅតាមបណ្តោយ ព្រំដែនប្រទេសទាំងពីរ៕