(ភ្នំពេញ)៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា គិតដល់ម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែល គ.ជ.ប បានប្រកាសកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ទេ ហើយ គ.ជ.ប ក៏បានផ្តល់ព័ត៌មានមកក្រុមប្រឹក្សាធម្មនុញ្ញវិញដែរថា គិតដល់ម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះដែរ។
លោកបណ្ឌិត បានប្រាប់មក Fresh News ថា យោងតាមមាត្រា ១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នក្នុងរយៈពេល ៧២ (ចិតសិបពីរ) ម៉ោងយ៉ាងយូរ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាន។
ដោយសារ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រាំពីរនិងសូន្យនាទីព្រឹក ដូចនេះ រយៈពេល ៧២ ម៉ោង គឺដល់កំណត់នៅត្រឹមម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ ជាកំហិត ហើយទាំងក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះទេ។
ដូច្នេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលការបោះឆ្នោតបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ នឹងត្រូវប្រកាសស្របតាមច្បាប់ និងនីតិវិធីបោះឆ្នោត នៅថ្ងៃស្អែកទី ៥ ខែសីហា ឆ្នាំ២០២៣ តាមប្រតិទិនកំណត់របស់ គ.ជ.ប ជាលទ្ធផលស្ថាពរ៕