(ញូដេលី)៖ មនុស្ស ២២នាក់ ត្រូវបានអាជ្ញាធរអះអាងថាកំពុងបាត់ខ្លួន ខណៈរថយន្តក្រុងពីរគ្រឿង និងរថយន្តតូចៗ មួយចំនួនទៀតត្រូវបានទឹកហូរនាំយកទៅ ក្រោយពីកើតមានការបាក់ស្ពាននៅតាមផ្លូវហៃវេយ៍ ដ៏សំខាន់មួយក្នុងរដ្ឋ Maharashtra ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។
តាមសម្តីរបស់អាជ្ញាធរ បានឲ្យដឹងថា ស្ពានបាក់គឺស្ថិតនៅចម្ងាយ ៦៣គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងបុមបៃ ដែលត្រូវបានកសាងឡើងតាំងពីសម័យអាណានិគមអង់គ្លេសមកម្ល៉េះ។ មន្ត្រីប្រចាំតំបន់ Maharashtra បានបញ្ជាក់ដូច្នេះថា «យានជំនិះប្រមាណជាង ១០គ្រឿង ក្នុងនោះរថយន្តក្រុង ២គ្រឿង ផ្ទុកមនុស្ស ២២នាក់បានធ្លាក់ចូលទៅក្នុងទឹក នាំឲ្យមនុស្សទាំងអស់បាត់ខ្លួន»។
រហូតមកដល់ពេលនេះ អាជ្ញាធរបានបង្កើនចំនួនកងកម្លាំងរុករករហូតដល់ទៅជិត ១០០នាក់ហើយ ដើម្បីស្វែងរក មនុស្សបាត់ខ្លួន ខណៈពេលនេះ មិនទាន់បានការបញ្ជាក់ពីចំនួនមនុស្សរងរបួសឬស្លាប់នោះទេ ប៉ុន្តែប្រទេសឥណ្ឌា បច្ចុប្បន្នកំពុងតែទទួលរងនូវភ្លៀងធ្លាក់យ៉ាងដំណំ នៅភាគកណ្តាល និងតំបន់ជាប់ឆ្នេរសមុទ្រ នាំឲ្យកើតជាទឹកជំនន់ និងការបាក់ដី ឆក់យកមនុស្សជាង ៥០នាក់កាលពីសប្តាហ៍មុន និងរាប់លាននាក់ទៀតទទួលរងផលប៉ះពាល់៕