(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី។ ជំនួបនេះនឹងធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ជំនួបខាងលើនេះ ត្រូវបានគេរំពឹងថា នឹងជជែកផ្តោតជាសំខាន់ទៅលើការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។
សូមបញ្ជាក់ថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា គណបក្សដែលឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម និងការអភិវឌ្ឍន៍មួយយូរអង្វែង៕