(ស្វាយរៀង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស បានបញ្ជាក់ថា កម្ពុជាមានសុទិដ្ឋិនិយមថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចសម័យមុនវិបត្តិជំងឺកូវីដ១៩ ពោលគឺប្រមាណ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។
ការបង្ហាញសុទិដ្ឋិនិយមបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សេង សិលា អភិបាលរង ខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត។
ពិធីនេះមានកិច្ចសហការខ្ពស់ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តស្វាយរៀង និងមានការចូលរួមពីបណ្តាសមត្ថកិច្ចគ្រប់អង្គភាពពាក់ព័ន្ធដែលកំពុងបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង សរុបចំនួន ១៧០នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា «កម្ពុជាមានសុទិដ្ឋិនិយមថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចសម័យមុនវិបត្តិជំងឺកូវីដ១៩ ពោលគឺប្រមាណ ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។ ដូចមានចែងក្នុងផែនទីចង្អុលផ្លូវ ឆ្នាំ២០២៤ គឺជាឆ្នាំគោលនៃដំណាក់កាលទី៣-ការឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (Relaunch) ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរជាងមុន មានភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានភាពធន់ខ្ពស់ជាងមុន ដែលទាមទារឱ្យយើងត្រូវរួមគ្នាគិត រួមធ្វើ រួមទទួលខុសត្រូវ ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាឱ្យបានផុលផុសពីគ្រប់ក្រសួង ស្ថាប័នភាគីពាក់ព័ន្ធនៅគ្រប់កម្រិត គ្រប់ថ្នាក់ ផ្នែកឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានទស្សនៈ ក៏ដូចជាធាតុចូលថ្មីៗបន្ថែមទៀតក្នុងការអនុវត្តវិធានការគន្លឹះនានា ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង, និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍កម្ពុជា»។
នាឱកាសនោះដែរ លោក ហោ សារុន បានថ្លែងថា គោលបំណងនៃការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីកសាងសមត្ថភាពបន្ថែម និងផ្តល់នូវចំណេះដឹងលើការងារបដិសណ្ឋារកិច្ចល្អ រួសរាយរាក់ទាក់ជូនភ្ញៀវទេសចរ នឹងផ្តល់នូវភាពងាយស្រួល សន្តិសុខ សណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត ជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលជាច្រកទ្វារអន្តរជាតិ មួយដ៏សំខាន់ដោយធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើបដិសណ្ឋារកិច្ច រក្សាសន្តិសុខ សុវត្ថិភាព ទេសចរឱ្យបានល្អប្រសើរ។
លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទីជាចន្ទល់គន្លឹះមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោក ហោ សារុន បានបន្តថា ក្នុងរយៈពេលប្រមាណ មួយទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យទេសចរណ៍កម្ពុជា ដែលជា «ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍មានការលូតលាស់គួរឱ្យកត់សម្គាល់ និងបានបំពេញតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
លោកបានឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានសភាពរឹងមាំ ដោយសម្រេចបានកំណើនក្នុងអត្រា៥,២% ក្នុងនោះផ្នែកសំខាន់ដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញ មានដូចជា សេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម ការធ្វើដំណើរ និងបដិសណ្ឋារកិច្ចជាដើម។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងស្ទុះឡើងដល់កម្រិត ៥,៦% ខណៈដែលយើងត្រូវបន្តធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ ឱ្យបានកាន់តែសម្បូរបែបថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ជាតិ។ យ៉ាងណាម៉ិញ ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ២,២លាននាក់ កើនឡើងក្នុងអត្រា១.០៥៩% ធៀបនឹងឆ្នាំ២០២១។
បន្ថែមពីនេះ លោកបានបន្តថា តាមរយៈកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២ ៣ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន២,៥៧លាននាក់ កើនឡើង ៤០៩,១% បើធៀប នឹង ឆ្នាំ ២០២២ ដែលនេះជាសញ្ញាណដ៏ល្អមួយ ក្នុងដំណើរត្រឡប់ទៅរកសភាពដើមដូចមុនពេលមាន វិបត្តិ សកល កូវីដ-១៩។ ចំពោះទេសចរផ្ទៃក្នុងជាជនជាតិខ្មែរមានចំនួន ១០,៩៦លាននាក់ កើនឡើង ៧៣,២% ធៀប នឹង ឆ្នាំ២០២២ ចំណែកទេសចរផ្ទៃក្នុងជាជនជាតិបរទេសវិញមានចំនួន១,៣២លាននាក់ កើនឡើង ៩៤,៧% ធៀបនឹងឆ្នាំ២០២២។ ដោយឡែក ភ្ញៀវទេសចរបរទេសចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង មានចំនួន ៥៥១,៥៤៧នាក់ (ស្រី ២៤៥,៥៩៥នាក់) ១២០សញ្ជាតិ។
ទន្ទឹមនឹងការរីកចម្រើនឡើងវិញនៃវិស័យទេសចរណ៍ ក៏មានសកម្មភាព អវិជ្ជមានមួយ ចំនួនត្រូវ បាន កើត ឡើង គួរឱ្យព្រួយបារម្ភមានដូចជាៈ ការផ្តល់សេវា និងការធ្វើបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរ សន្តិសុខ សុវត្ថិភាព ទេសចរ ឧក្រិដ្ឋកម្ម ពេស្យាចារ ការធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរ និងការបង្ខាំងមនុស្ស ការជួញ ដូរនិងការរំលោភផ្លូវភេទលើកុមារ ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន។ល។ ដែលកំពុងកើតឡើងក្នុងវិស័យទេសចរណ៍ ហើយដើម្បី ប្រយុទ្ធនឹងផលអវិជ្ជមានទាំងនេះ ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការ សង្គម ស៊ីវិល បានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹ ងសកម្មភាពអវិជ្ជមានទាំងនេះ ជាពិសេស មានជនខិលខូច មួយ ចំនួន បាន និងកំពុងឆ្លៀតឱកាសប្រើប្រាស់រិះរកគ្រប់មធ្យោបាយទៅតាមរូបភាពផ្សេងៗផងដែរ៕