(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង» ដែលប៉ះពាល់ដល់សុខភាព។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហានេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា តាមការវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា
ផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ផលិតផលនេះជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៉ឺបខ្មែរ Herb Khmer» មានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើ យកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវង (AMLA GINGER & CURCUMIN)៕