(សៀមរាប)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) បានជំរុញឱ្យសមាជិកនៃកិច្ចប្រជុំអាស៊ាន-ផេក បន្តធ្វើការរួមគ្នា ដើម្បីប្រឆាំងអំពើពុករលួយនៅតាមបណ្ដាប្រទេសរបស់ខ្លួន។
ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក (ASEAN-PAC) នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារសូភីតែលអង្គរភូគីត្រា ខេត្តសៀមរាប ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង លើកឡើងថា ជាការពិតណាស់តំបន់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល បានឆ្លងកាត់ពេលវេលាដ៏ លំបាកមួយហើយកំពុងតែតស៊ូខិតខំប្រឹងប្រែងយ៉ាងមោះមុតជាមួយការស្ដារប្រទេសឡើងវិញនៅក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមិនមែនកម្ពុជាតែម្នាក់ អាចដោះស្រាយបញ្ហានេះបាននោះទេ គឺតម្រូវឱ្យមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមកពីបណ្តាប្រទេសជាមិត្តនិងជាបងប្អូន។ នេះក៏មិនខុសពីអ្វីដែលក្រុមគ្រួសារ អាស៊ាន-ផេក ដែលបាននិងកំពុងបន្តអនុវត្តមកដល់ពេលនេះ ដោយអនុលោម តាម ASEAN-PAC MoU និងផ្អែកលើស្មារតីចែករំលែកក្នុងនាមជាបងប្អូនក្នុងគោលដៅរួមគ្នាប្រឆាំងអំពើ ពុករលួយនៅក្នុងប្រទេសនីមួយៗរបស់ខ្លួន និងលទ្ធភាពឈានទៅជួយ និងគាំទ្រគ្នាទៅវិញទៅមក ផ្អែកទៅតាមបរិបទ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដូចមានចែងនៅក្នុង ASEAN-PAC MoU។
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក លើកទី១៩ នៅពេលនេះ និងពិនិត្យ ពិភាក្សា និងធ្វើការរៀប ចំកិច្ចការនៅសេសសល់ពីកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៨ កាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ និងដើម្បីត្រៀមរៀបចំនូវរបៀបវារៈ ក៏ដូចជាការអនុវត្តការងាររបស់អាស៊ាន-ផេក សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក បន្ទាប់ទៀត។ កិច្ចប្រជុំលេខាធិកាដ្ឋានអាស៊ាន-ផេក គឺគាំទ្រដល់សកម្មភាព និងជួយជំរុញឱ្យសម្រេចបាននូវពហុគោលបំណងរបស់អាស៊ាន-ផេក ស្របតាមឯកសារគោលដែលបានកំណត់អំពី បែបបទនៃដំណើរការការងាររបស់អាស៊ាន-ផេក។
ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តទៀតថា អាស៊ាន-ផេក ក៏ត្រូវបន្តអភិវឌ្ឍខ្លួនទៅមុខទៀត តាមរយៈការរៀបចំតាក់តែងឯកសារសំខាន់ៗ ទាក់ទងនឹងដំណើរការវិវត្តនិងការប្រព្រឹត្តទៅរបស់អាស៊ាន-ផេក ដែលឆ្លុះបញ្ចាំង តាមរយៈការពិភាក្សាទៅ លើសកម្មភាពមួយរបស់អាស៊ាន-ផេក គឺការតាក់តែងជាសេចក្ដីព្រាងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (ASEAN-PAC E-Booklet) ដែលកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក បានប្រគល់ជូនទៅកិច្ចប្រជុំលេខាធិការដ្ឋាននាពេលនេះដើម្បីបន្តពិនិត្យ និងពិភាក្សារៀបចំ។
យោងតាមរបៀបវារៈនៃកិច្ចប្រជុំ លោក ឱម យ៉ិនទៀង ស្នើកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក លើកទី១៩ ចាប់ផ្តើមពិភាក្សាគ្នា ក្នុងលក្ខណៈត្រៀមទុកជាមុនសម្រាប់កិច្ចការ២ នាពេលខាងមុខគឺទី១ អំពីបែបបទនៃការដាក់ សម្ភោធកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក និងទី២ អំពីបែបបទសម្រាប់គណៈកម្មការប្រឆាំង អំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក ជាភាគីទី១១។
ក្រៅពីចំណុចដូចបានរៀបរាប់ខាងលើនេះ លោកទេសរដ្ឋមន្ត្រីយល់ថា ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីអាស៊ាន-ផេកទាំងអស់ ការបន្តចូលរួមយ៉ាងសកម្មជាមួយនឹងកម្មវិធីឬព្រឹត្តិការណ៍ របស់អាស៊ាន និងការចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងកិច្ចសហការលើការងារបណ្តុះប ណ្តាលសមត្ថភាពជាមួយភាគីជាដៃគូទៅតាមការឯកភាពរបស់អាស៊ាន-ផេក នៅតែជាការងារដ៏មានសារសំខាន់។
ជាមួយនេះដែរ ទេសរដ្ឋមន្ត្រី ក៏សូមកោតសរសើរចំពោះការរៀបចំសិក្ខាសាលាអាស៊ាន-ផេកនាខែឧសភា កន្លងទៅនេះ ក្រោមកិច្ចសហការរវាង ACU Cambodia និង KPK Indonesia រួមជាមួយ UNODC ជាដៃគូដ៏សំខាន់របស់អាស៊ាន-ផេក ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យផងដែរ៕