(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌានឹងជួយបង្កើតនូវមជ្ឈមណ្ឌល IT ដែលគ្រោងចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលកាន់តែធ្វើឲ្យសមណនិស្សិត និងសិស្សនិស្សិតនៃសាកលវិទ្យាល័យមួយនេះមានឱកាសកាន់តែច្រើនសិក្សាលើជំនាញបច្ចេកវិទ្យា។
ក្នុងពិធីថ្ងៃនៃសំស្ក្រឹត និងយុទ្ធនាការអំណានក្នុងសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកស្រី ទេវ្យានី ឧត្តមា ខបប្រាហ្កាដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមហើយក្នុងការជួយកសាងនូវមជ្ឈមណ្ឌលនេះ ឆ្លើយតបទៅនឹងសំណូមពររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាពេលកន្លងមក។
លោកស្រីបានបង្ហាញការរំពឹងថា នៅពេលមជ្ឈមណ្ឌល IT សម្ពោធដាក់ឲ្យប្រើប្រាស់នោះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សមណនិស្សិត និងសិស្សនិស្សិត អាចបង្កើនចំណេះដឹងផ្សេងៗ ជាពិសេសចំណេះដឹងផ្នែកបច្ចេកវិទ្យា ហើយគម្រោងនេះ គឺជាទិសដៅមួយផងដែរ ក្នុងបេសកកម្មរបស់លោកស្រី ធ្វើជាទូតប្រចាំនៅកម្ពុជា។
លោកស្រីឯកអគ្គរដ្ឋទូតបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌា ជារៀងរាល់ឆ្នាំតែងផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៣០កន្លែង និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៥កន្លែង ហើយពាក់ព័ន្ធការជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជានេះ ស្ថានទូតឥណ្ឌាក៏បាននាំយកសៀវភៅចំនួន២០០ក្បាល ផ្ដល់ជូនដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីឲ្យសមណនិស្សិត និងសិស្សនិស្សិត បានអាន និងសិក្សាស្រាវជ្រាវ។
សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានសង្ឃដីកាថា កម្ពុជា និងឥណ្ឌា បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្ដៅ និងកិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅ នៅក្នុងកេរដំណែលរួមគ្នានៃប្រវត្តិសាស្ត្រ សាសនា វប្បធម៌ និងអក្សរសាស្ត្ររវាងប្រទេសទាំងពីរ។
ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលទទួលយកសំណើគម្រោងបង្កើតមជ្ឈមណ្ឌល IT និងការចូលរួមគម្រោងរួមគ្នាគឺថ្ងៃនៃសំស្ក្រឹត និងយុទ្ធនាការអំណានក្នុងសន្តិភាព និងមានការផ្ដល់ជូនសៀវភៅចំនួន ២០០ក្បាលដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ សម្ដេចសង្ឃឹមថា តាមរយៈសកម្មភាពនេះនឹងកាន់តែធ្វើឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត៕