(សៀមរាប)៖ ខេត្តសៀមរាបនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប, នេះយោងតាមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រវាងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប។
យោងតាមការលើកឡើងរបស់លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើសមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះនៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់ក្នុងការបង្ហាញនៃគំនូសប្លង់នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ។
លោកបានបន្តថា ខាងក្រុមហ៊ុនសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយផ្លូវរថភ្លើងនេះនឹងឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាតផងដែរ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ រដ្ឋបាលខេត្តសូមធ្វើការគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុនក្នុងការផ្តល់ព័ត៌មាននឹង ទិន្នន័យជូនក្រុមហ៊ុនដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗមកទស្សនាប្រទេសកម្ពុជា ជាពិសេសគឺខេត្តសៀមរាបដែលជាខេត្តសម្បូរទៅដោយប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិជាច្រើនផងដែរ។
លោក ពិន ប្រាកដ ក៏បានណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធត្រូវត្រៀមលក្ខណៈចូលរួមសហការក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និងប្រមូលធាតុចូល ដើម្បីជាធាតុចូលនៃគម្រោងផ្លូវរថភ្លើងថ្មីធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប។
លោកបានបន្តថា ដើមី្បឲ្យប្រមូលព័ត៌មាន និងទិន្នន័យឲ្យបានជាក់លាក់ ត្រូវទាមទានូវកិច្ចសហការឲ្យបានស៊ីជម្រៅក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោមរបស់ក្រុមហ៊ុន ដែលបានលើកឡើងលើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ។ តែដោយក្នុងគម្រោងក៏មិនបានបង្ហាញនូវភាពជាក់លាក់ថា ឆ្លងកាត់តំបន់អង្គរនៅចំណុចណានៅឡើយ ដែលធ្វើឲ្យកិច្ចពិភាក្សានេះមិនទទួលបានលទ្ធផលនៅឡើយ។
ជាមួយនេះដែរ លោកក៏បានជម្រាបដល់ក្រុមហ៊ុន ដើមី្បឲ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះ អាជ្ញារធរខេត្តនឹងជំរុញដល់មន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធប្រមូលព័ត៌មាន និងទិន្នន័យដែលជាធាតុផំ្សបញ្ចូលរបស់គម្រោងទៅឲ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរផងដែរ៕