(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំទីចាត់ការរៀបចំក្រុង និងទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស ដោយមានការចូលរួមពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរ ធនធានទឹក និងឧតុនិយម មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌដង្កោ ចុះពិនិត្យករណីប្រជាពលរដ្ឋសាងសង់សំណង់រំលោភចូលក្នុងស្ទឹងជ្រៅ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីបានស្តាប់ការពន្យល់ពីមន្រ្តីជំនាញមក​ ពិនិត្យឃើញថា ស្ទឹងជ្រៅនេះមានសារសំខាន់ណាស់ គឺជាមុខទឹកតែមួយគត់ ក្នុងការរំដោះទឹកភាគខាងត្បូងនៃរាជធានីភ្នំពេញ ដូច្នេះហើយស្ទឹងជ្រៅនេះ គឺចាំបាច់ត្រូវតែពង្រីក និងស្តារឡើងវិញ ដើម្បីបើករំដោះទឹកជួយកាត់បន្ថយការលិចលង់ក្នុងខែវស្សា​។

លោក ឃ្លាំង ហួត នឹងរាយការណ៍ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ណែនាំ។ លោកក៏បានណែនាំឱ្យមន្ត្រីមូលដ្ឋាន​ ជាពិសេស​ សង្កាត់-ភូមិ​ ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ថ្មីរំលោភចូលស្ទឹងជ្រៅបន្ថែមទៀត៕