(ឥណ្ឌូនេស៉ី)៖ នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៦ (The 6th ASEAN IB Summit) និងកិច្ចប្រជុំកម្រិតខ្ពស់រដ្ឋមន្ត្រីអាស៊ាន សម្រាប់ការអភិវឌ្ឍវិស័យ SMEs (High Level Ministerial Session for Ministers for MSMEs Development) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយលោកស្រីបណ្ឌិត Amida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចនៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច (UN-ESCAP)។
នៅក្នុងកិច្ចពិភាក្សានោះ លោកបណ្ឌិត ហេង សុខគង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UN-ESCAP ដែលជាដៃគូអភិវឌ្ឍន៍មួយដ៏ល្អរបស់កម្ពុជា ជានិច្ចកាលបានជួយជាជំនួយទាំងថវិកា សម្ភារ: និងបច្ចេកទេសដល់កម្ពុជា ជាក់ស្តែងលើវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) អាជីវកម្មបរិយាប័ន្នកម្ពុជា (IBeeC) ក៏ដូចជាវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ព្រមទាំងវិស័យជាច្រើនទៀត។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ហេង សុខគង់ ក៏សូមថ្លែងអំណរគុណដល់លោកស្រីបណ្ឌិតដោយផ្ទាល់ ដែលមានសមានចិត្ត និងឆន្ទ:ស្រឡាញ់ និងជួយដល់កម្ពុជាតាំងពីបិតារបស់លោកជំទាវមកម្ល៉េះ គឺលោក Mochtar Kusumaatmadja ជាអតីតរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨៨ និងជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់របស់សម្តេចតេជោ ដែលកាលណោះសម្តេច ក៏នៅជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅឡើយ។
ជាកិច្ចឆ្លើយតបលោកស្រីបណ្ឌិត Amida Salsiah Alisjahbana សូមអរគុណចំពោះអនុសាសន៍របស់លោកបណ្ឌិត ហេង សុខគង់ ដែលបានរំលឹកនូវប្រវត្តិបិតារបស់លោកជំទាវដែលក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី ពេលនោះបានចូលរួមចំណែកយ៉ាងច្រើន ដល់ដំណើរការនៃកិច្ចការចរចាសន្តិភាពរបស់កម្ពុជា តាំងពីមុនពេលដែលលោក Ali Alatas ចូលកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនាឆ្នាំ១៩៨៨។
លោកស្រី ក៏សូមចូលរួមអបអរសាទរដល់ការបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយក៏សូមជូនពរដល់រាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដំណើរការទៅដោយជោគជ័យផងដែរ។
លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលមានកម្លាំងថ្មីសុទ្ធតែជាបញ្ញវ័ន្ត មានការអប់រំខ្ពស់ នឹងពិតជាជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា បានកាន់តែលឿន និងល្អប្រសើរទៅមុខប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយលោកស្រីបណ្ឌិត ត្រៀមខ្លួននឹងបន្តធ្វើការងារជាមួយរាជរដ្ឋាភិបាលថ្មី។ ពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការ លោកស្រីបណ្ឌិតថា UN-ESCAP នឹងបន្តជួយដល់កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងអាស៊ានមួយចំនួនទៀត លើការរៀបចំ Guideline សម្រាប់ការអភិវឌ្ឍហិរញ្ញប្បទានវិស័យ MSMEs ដែលនៅតែជាបញ្ហាប្រឈមសម្រាប់អាស៊ាន។
បន្ថែមពីលើនេះ លោកស្រី សូមអបអរសាទរកម្ពុជាដែលបានក្លាយជា Champion លើវិស័យអាជីវកម្មបរិយាប័ន្នក្នុងតំបន់អាស៊ាន (Cambodia is IB Champion in ASEAN) ហើយ UN-ESCAP នឹងបន្តជួយកម្ពុជាក្នុងការតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃលើវិស័យនេះ ទៅក្នុងតំបន់ និងពិភពលោក តាមរយ: ASEAN IB Plan of Action 2023-2027 ដែលបានត្រូវអនុម័តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (AMM) កន្លងមកនេះ។
ដោយឡែកលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រៅពីការជួយផ្តល់ជំនួយបច្ចេកទេស សម្រាប់ការរៀបចំផែនទីបង្ហាញផ្លូវវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ (Cambodia STI Roadmap 2030) និងរបៀបវារៈស្រាវជ្រាវជាតិ (National Research Agenda) UN-ESCAP នឹងពិចារណាលើសំណើសុំរបស់ លោកបណ្ឌិត ហេង សុខគង់ ក្នុងការជួយឧបត្ថម្ភគាំទ្រលក្ខណ:បច្ចេកទេសដល់ការរៀបចំទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI’s Day) និងការរៀបចំសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI Park) ផងដែរ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៦នេះ លោក ហេង សុខគង់ ក៏បានចូលរួមក្នុងការធ្វើ Country Statement និងជាវាគ្មិនក្នុងរបៀបវារ:ទី៣ ស្តីពី Accreditation for Inclusive Business ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Teten Masduki រដ្ឋមន្ត្រីក្រសួងសហករណ៍ និងសហគ្រាសធុនតូច និងមធ្យមឥណ្ឌូនេស៊ី (Minister for Cooperatives and SMEs of Indonesia) ផងដែរ។
ជំនួបនេះបានបង្កើនកិច្ចសហការលើវិស័យ SMEs & Agro-Processing រវាងប្រទេសទាំងពីរ ដោយលោកបណ្ឌិត ហេង សុខគង់ នឹងស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ទៅលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីអាចបង្កើតក្រុមការងារកម្ពុជា និងឥណ្ឌូនេស៊ី សម្រាប់សិក្សាលម្អិតលើកិច្ចសហប្រតិបត្តិការនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕