(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលគំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រដល់ការបង្កើតការងារសមរម្យ៤០០លានកន្លែង និងការពង្រីកការគាំពារសង្គមដល់ប្រជាជន៤ពាន់លាននាក់នៅទូទាំងពិភពលោក។
ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។
តើអ្វីទៅជាកាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌? «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយរដ្ឋសមាជិកដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមានការដាក់ឱ្យទៅក្នុងប្រព័ន្ធ (Formalisation) ការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។
នាកិច្ចពិភាក្សានោះ គណៈប្រតិភូរបស់អង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរដែលកម្ពុជាបានចូលជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះ។
លោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រដល់ការបង្កើតការងារសមរម្យចំនួន៤០០លានកន្លែង និងការពង្រីកការគាំពារសង្គមដល់ប្រជាជន៤ពាន់លាននាក់ ដែលបច្ចុប្បន្នមិនត្រូវបានរួមបញ្ចូល និងដើម្បីជួយសម្រួលដល់អន្តរកាល «ដោយយុត្តិធម៌» សម្រាប់ទាំងអស់គ្នា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ថា គោលដៅនៃគំនិតផ្តួចផ្តើមនេះ គឺស្របគ្នាទៅនឹងអាទិភាពការងាររបស់រារដ្ឋាភិបាលកម្ពុជាដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តោតជាអាទិភាពក្នុងការអភិវឌ្ឍជំនាញ និងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម ដែលចំណុចទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងការកសាងផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តកាតាលីករសកលនេះ។
គណៈប្រតិភូទាំងអស់បានសម្តែងសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្ដល់ការណែនាំអំពីយុទ្ធសាស្រ្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជាធាតុចូលសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តទៅទៀត។
លោករដ្ឋមន្រ្តីបានសំណូមពរដល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់ សូមបន្តផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕