(ដាកា)៖ មន្ត្រីទូតកូរ៉េខាងជើងមួយរូប ត្រូវបានអាជ្ញាធរបង់ក្លាដែស សម្រេចបណ្តេញទៅប្រទេសកំណើតវិញ បន្ទាប់ពីបានរកឃើញថា ជនបរទេសរូបនេះបានរត់ពន្ធបារីជាង ១លានដើម និង គ្រឿងអាឡិចត្រូនិកមួយចំនួនទៀត មកកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ តាមរយៈកប៉ាល់ដឹកទំនិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦។
លោក Han Son Ik លេខាទីមួយនៃស្ថានទូតកូរ៉េខាងជើងប្រចាំរដ្ឋធានីដាកា ត្រូវបានបញ្ជាឲ្យចាកចេញពីប្រទេសបង់ក្លាដែស បន្ទាប់ពីលោកមិនអាចបញ្ជាក់ថា ទំនិញខាងលើដែលមានតម្លៃជិតកន្លះលានដុល្លារអាមេរិកនោះ ជាទំនិញស្របច្បាប់។ រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែសលោក Shahidul Haue បានបញ្ជាក់ថាបទបញ្ជា ខាងលើនេះ ក៏មានប្រសិទ្ធភាពទៅលើជនជាតិកូរ៉េខាងជើងដែល បានជាប់ពាក់ព័ន្ធក្នុងបទល្មើសខាងលើនេះ មួយចំនួនទៀតផងដែរ។
លោក Haue បានបញ្ជាក់ប្រាប់ AFP ថា «យើងបានចេញបញ្ជាឲ្យពួកគេចាកចេញនៅថ្ងៃចន្ទនេះ។ យើងបាន ស្នើឲ្យកូរ៉េខាងជើងទទួលយកលោក Han ត្រឡប់ទៅស្រុកវិញ ពីបទរំលោភច្បាប់ក្នុងនាមខ្លួនជាមន្ត្រីទូត»។ មន្ត្រីការបរទេសកំពូលរបស់បង់ក្លាដែស មិនបានបញ្ជាក់អ្វីបន្ថែមទៀតនោះឡើយ ជុំវិញបញ្ហានេះ ប៉ុន្តែមន្ត្រីសុំមិន បញ្ចេញឈ្មោះម្នាក់ទៀតបានបង្ហើបថា មន្ត្រីទូតកូរ៉េខាងជើង បានប្រើប្រាស់អភ័យឯកសិទ្ធិរបស់ខ្លួនកាលពីដើមខែនេះ ក្នុងការនាំចូលទំនិញខុសច្បាប់ ដើម្បីលក់ក្នុងទីផ្សារងងឹតនៅបង់ក្លាដែស៕