(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សប្រឆាំង បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំណត់នយោបាយអាទិភាពលើការបម្រើ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ អតីតថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រឆាំង ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មកពីទូទាំងប្រទេស បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រជុំពិភាក្សា ពិនិត្យលើសកម្មភាពការងារនាពេលកន្លងទៅ ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់អនុវត្តន៍បន្ត។
កិច្ចប្រជុំដែលមានរៀបចំអាហារសាមគ្គីជាមួយផងនោះ ដឹកនាំដោយលោក យូ សិរីវុឌ្ឍ, លោក ភឺន ផល្លា និងលោក គង់ លីវ៉ា ដែលជាជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អតីតជាថ្នាក់ដឹកនាំ សមាជិក សមាជិករបស់បក្សប្រឆាំង ដែលបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងពេលបោះឆ្នោតកន្លងទៅ ដើម្បីកៀរគរសមាជិកបក្សប្រឆាំងឱ្យទៅបោះឆ្នោត និងគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា។ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភក្តីភាព និងការប្រឹងប្រែងទាំងឡាយរបស់អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រឆាំង ជួយឱ្យបក្សប្រជាជនទទួលបានប្រជាប្រិយភាព រក្សាប្រៀបឈ្នះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។
លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា លើកទឹកចិត្តដល់អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប្រឆាំងទាំងអស់ បន្តបេសកកម្មការពារបក្សប្រជាជនកម្ពុជា កសាងប្រជាប្រិយភាពជូនបក្សប្រជាជន កៀរគរក្រុមប្រឆាំងចូលរួមជាមួយបក្សប្រជាជនកម្ពុជា។ ជាពិសេសរួមគ្នាការពាររាជរដ្ឋាភិបាលនីតិកាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានណែនាំដល់អតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំងអស់ បន្តសកម្មភាពចុះផ្សព្វផ្សាយពីគោលនយោបាយបក្សប្រជាជនកម្ពុជា ក៏ដូចជាទឹកសណ្តោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សមាជិក សមាជិកាបក្សប្រឆាំង ឱ្យពួកគេបានជ្រូតជ្រាបពីគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា ដែលតម្កល់នូវប្រយោជន៍ជាតិ និងប្រជាជន។ ជាពិសេសបង្ហាញឱ្យពួកគេបានឃើញនូវសច្ចភាពសង្គម ដែលកំពុងមានការរីកចម្រើនលូតលាស់ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
តំណាងឱ្យអតីតអ្នកប្រឆាំង, លោក អៀ ចាន់ណា បានថ្លែងក្នុងពិធីនោះ ដោយសម្តែងក្តីសោមនស្សរីករាយ និងការសាទរយ៉ាងក្រៃលែងជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ និងការគាំទ្រយ៉ាងលើសលប់ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយឈានឆ្ពោះមកដឹកនាំរាជរដ្ឋាភិបាល។
លោក អៀ ចាន់ណា ក៏បានសម្តែងការសាទរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសមាជិក សមាជិកា ដែលទទួលបានការគាំទ្រពីរដ្ឋសភា ដើម្បីដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។
លោក អៀ ចាន់ណា ក៏បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវគោលនយោបាយដោយផ្តល់អាទិភាពខ្ពស់ទៅលើការបម្រើ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ លោក បានបង្ហាញជំនឿចិត្តមុតមាំថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាមានការរីកចម្រើន ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងរស់ក្នុងភាពសុខសាន្ត។
លោក អៀ ចាន់ណា បានបន្ថែមថា រូបលោក រួមជាមួយអតីតអ្នកប្រឆាំងទាំងអស់ នឹងបន្តសកម្មភាពគាំទ្រ និងការពារជាដាច់ខាតចំពោះរាជរដ្ឋាភិបាល ដោយមិនឱ្យកម្លាំងអមិត្តណាមួយមកបំផ្លាញនោះឡើយ។
ក្នុងជំនួបនោះ លោក អៀ ចាន់ណា ព្រមទាំងអតីតអ្នកប្រឆាំងទាំងអស់ បានសម្តែងការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យកម្ពុជាទទួលបានសុខសន្តិភាព និងការរីកចម្រើន។ ជាពិសេសបានរៀបចំអ្នកបន្តវេនប្រកបដោយភាពខ្លាំង ធានាបានសុខសន្តិភាព និងការរីកចម្រើនជាបន្ត។
អតីតអ្នកប្រឆាំងទាំងអស់ ក៏បានសម្តែងការសាទរ ជូនពរសម្តេចតេជោ និងសម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទទួលបានការសព្វព្រះទ័យពីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ ក៏ដូចជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕