(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក យូន ស៊ក យ៉ល (Yoon Sok Yeol) បានសន្យាពិចារណា​បង្កើនកូតា ពោលគឺបង្កើនចំនួនពលករខ្មែរចូលទៅធ្វើការនៅប្រទេស​កូរ៉េ​ឱ្យ​បាន​​កាន់​តែ​ច្រើន​ថែមទៀត។

ការសន្យារបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមនឹងការសន្យាបង្កើនកូតាពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងហើយនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាបន្តលើកទឹកចិត្តក្រុមហ៊ុនកូរ៉េ ឱ្យមកវិនិយោគ​នៅ​កម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបាន​យក​ចិត្តទុកដាក់ ចំពោះពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។

សូមបញ្ជាក់ថា គោលនយោបាយស្វះស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ គឺជានយោបាយ​អាទិភាព​​មួយ។ សម្រាប់ការងារទៀតសោតមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ឱ្យតែ​អាចផ្តល់ប្រាក់ឈ្នួលល្អប្រសើរ ផ្តល់ចំណូលទ្រទ្រង់ជីវភាពជូនប្រជាពលរដ្ឋ គឺរាជ​រដ្ឋាភិបាល​តែង​ស្វះស្វែងរកជូនប្រជាពលរដ្ឋធ្វើ។

សម្រាប់ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសផ្តល់លក្ខខណ្ឌការងារល្អប្រសើរ ហើយផ្តល់នូវ​ប្រាក់​ឈ្នួលខ្ពស់ បានរួមចំណែកធ្វើឱ្យជីវភាពពលករកម្ពុជាបានល្អប្រសើរ។ សម្រាប់ប្រទេសកូរ៉េខាង​ត្បូង មិនត្រឹមតែកម្ពុជានោះទេ ដែលបានបញ្ជូនពលរដ្ឋទៅធ្វើការនៅទីនោះ មានប្រទេសក្នុង​តំបន់អាស៊ីជាច្រើនបាននាំគ្នាសុំការអនុញ្ញាតពីកូរ៉េបញ្ជូនពលរដ្ឋទៅធ្វើការ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឱ្យដឹងថា ពលករខ្មែរដែលបម្រើការងារ នៅកូរ៉េខាងត្បូង មានចំនួនប្រមាណ ៥ម៉ឺននាក់៕