(ភ្នំពេញ)៖ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មួយឃ្លាថា «Leave No One and No Place Behind» ត្រូវបានចាប់អារម្មណ៍ ដោយលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយចង់យកឃ្លានេះ ធ្វើជាពាក្យស្លោករបស់អង្គការសហប្រជាជាតិ។
ប្រសាសន៍នេះ ត្រូវបានថ្លែងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ថ្លែងក្នុងសន្និសីទកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយត្រឡប់ពីចូលរួមប្រជុំកំពូលអាស៊ាន, លោកបណ្ឌិត សូ ណារ៉ូ ដែលបានអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណាប់អារម្មណ៍ចំពោះមេដឹកនាំពិភពលោក ចំពោះសម្តេច ហ៊ុន ម៉ាណែត មានច្រើន។ ខ្ញុំបានស្តាប់ដោយផ្ទាល់ត្រចៀក ហើយព្រឹកមិញនេះ ខ្ញុំលើកឧទាហរណ៍តែមួយទេ គឺកិច្ចប្រជុំអាស៊ាន ជាមួយអង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្តាប់ប្រសាសន៍អន្តរាគមន៍របស់សម្តេច ហ៊ុន ម៉ាណែត ដែលមានឃ្លាមួយដែលប្រើជាភាសាអង់គ្លេសតែម្តង គឺ Leave No One and No Place Behind បានន័យថា ក្នុងកិច្ចការអភិវឌ្ឍន៍សហគមន៍ទាំងអស់ គឺមិនត្រូវបោះបង់ចោលនរណាម្នាក់ ឬក៏ទីកន្លែងណាមួយ សម្រាប់តែអគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថា ឃ្លានេះល្អមែនទែន។ លោកនឹងពិចារណា យកទៅប្រើជាពាក្យស្លោករបស់អង្គការសហប្រជាជាតិតែម្តង»។
លោកបណ្ឌិត សូ ណារ៉ូ ជំរុញឲ្យតាមដានមើលថា ប្រសាសន៍សម្តេចធិបតី «Leave No One and No Place Behind» នឹងក្លាយជាឃ្លារបស់អង្គការសហប្រជាជាតិ ឬអត់។ លោកបណ្ឌិត បញ្ជាក់ថា ប្រាជ្ញារបស់សម្តេចធិបតី ក្នុងការលើកសំណើនានា ក្នុងកិច្ចប្រជុំកំពូល ត្រូវបានគេចាប់អារម្មណ៍ច្រើនណាស់៕