(បាងកក)៖ ក្រុមហ៊ុន Ford បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Ranger ស៊េរីថ្មី នៅក្នុងកម្មវិធីពិព័រណ៍រថយន្តអន្តរជាតិនៅប្រទេសថៃ (Bangkok International Motor Show) ដែលមានបច្ចេកវិទ្យាដ៏ឆ្លាតវៃ គួបផ្សំជាមួយនឹងរួបរាងដ៏រឹងមាំ ពោលគឺការផ្តោតទៅលើគោលដៅថ្មី ដោយផ្អែកលើចំណែកទីផ្សាររថយន្តប្រភេទភីកអាប់ (Pickup) រួមជាមួយនឹងការបញ្ចូលគ្នានៃសមត្ថភាពដ៏រឹងមាំ ការរចនាម៉ូដថ្មី និងឧត្តមភាពនៃបច្ចេកវិទ្យាដែលកាន់តែអស្ចារ្យជាងមុន ។
រថយន្តភីកអាប់ថ្មីនេះ នឹងត្រូវបានដាក់លក់នៅលើទីផ្សារជាង ១៨០ប្រទេសទូទាំងពិភពលោក ហើយរថយន្តប្រភេទថ្មីនេះ បានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា អេក្រង់ Touch Screen ទំហំ ៨អ៉ីញ ក៏ដូចជាបច្ចេកវិទ្យា SYNC 2 ដែលជាកម្មវិធីភ្ជាប់ទំនាក់ទំនងពីទូរស័ព្ទដៃទៅកាន់រថយន្ត ដែលអាចផ្តល់ជូនអ្នកបើកបរជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃ ព្រមទាំងសុវត្ថិភាពខ្ពស់ គួបផ្សំទៅនឹងប្រព័ន្ធសាកថ្ម ដែលមានសមត្ថភាពខ្ពស់រហូតទៅដល់ ២៤០វុល ដែលអាចឲ្យលោកអ្នកសាកនូវកុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗជាដើម។ ជាងនេះទៅទៀត រថយន្តនេះក៏បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ លើសពីរថយន្តប្រភេទភីកអាប់ (Pickup) ដទៃទៀតដូចជា៖
• ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Alert & Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចជួយអ្នកបើកបរ កុំឲ្យចាកចេញពីគន្លងផ្លូវរបស់ខ្លួន។ ក្នុងករណីរថយន្តចេញពីគន្លងផ្លូវ ប្រព័ន្ធនេះនឹងរំញ័រទៅលើចង្កូត ដើម្បីជួយឲ្យអ្នកបើកបរបើកក្នុងគន្លងផ្លូវត្រឹមត្រូវវិញ។
• ប្រព័ន្ធកំណត់ល្បឿននៃការបើកបរ (Adaptive Cruise Control)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Alert)
• ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist)
• ប្រព័ន្ធត្រួតពិនិត្យនូវសម្ពាធកង់ (Tire Pressure Monitoring System) អាចជួយអ្នកបើកបរក្នុងការផ្តល់នូវសុវត្ថិភាពខ្ពស់ និងសន្សំសំចៃប្រេង ដោយការផ្តល់ដំនឹងដល់អ្នកបើកបរ នៅពេលដែលកង់រថយន្តមានសំពាធទាប។
• ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល (Electronic Stability Program)
• ប្រព័ន្ធត្រួតពិនិត្យទៅលើស្ថានភាពរបស់អ្នកបើកបរ (Driver Impairment Monitor) ប្រព័ន្ធត្រួតពិនិត្យស្ថានភាពរបស់អ្នកបើកបរ ត្រូវបានប្រើប្រាស់ទៅលើកាមេរ៉ាខាងមុខរបស់រថយន្ត រួមជាមួយនឹងបន្ទះរំញោច ដើម្បីការពារអ្នកបើកបរនៅពេលដែលគាត់ មានអារម្មណ៍ថាងងុយគេង។
ជាពិសេសរថយន្តនេះក៏បានបំពាក់ដោយ ប្រព័ន្ធសុវត្ថិភាពមួយចំនួនទៀតដូចជា ប្រព័ន្ធជំនួយជាបន្ទាន់ (Emergency Assistance) ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត (Hill Launch Assist & Hill Descent Control) ប្រព័ន្ធគ្រង់គ្រងទម្ងន់របស់រថយន្ត (Adaptive Load Control) និងប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assistance) ។
ខាងក្រោមនេះគឺជាសកម្មភាពនៃការសម្ពោធនូវរថយន្ត Ford Ranger ស៊េរីថ្មីនៅទីក្រុងបាងកកប្រទេសថៃ៖