(ប៉ៃលិន)៖ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចុះពង្រឹង តាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមទ្វារព្រំដែននៅខេត្តប៉ៃលិន និងជួយសម្រួលដល់ដំណើរចេញ-ចូលរបស់ពលករទាំងអស់ សម្រួលកុំឱ្យមានការកកស្ទះនៅតាមច្រកព្រំដែន និងពង្រឹងសន្តិសុខនៅតាមច្រកទ្វារព្រំដែន។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោយពីទទួលបានភារកិច្ច និងការចាត់តាំងបញ្ជាផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការណែនាំជាប្រចាំរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា, លោក សំរិទ្ធ ឌី បានដឹកនាំបញ្ជាផ្ទាល់នៅតាមច្រកទ្វារព្រំដែនក្នុងខេត្តប៉ៃលិន ដើម្បីពិនិត្យមើលការចេញ-ចូលរបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាពិសេសពលករខ្មែរ ដែលសម្រុកមកស្រុកកំណើត ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នាឱកាសដឹកនាំក្រុមការងារចំពោះកិច្ចនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ លោក សំរិទ្ធ ឌី បានក្រើនរំលឹកដល់ស្ថាប័នជំនាញច្រកទ្វារព្រំដែននៅខេត្តប៉ៃលិន ធ្វើយ៉ាងណាដើម្បីជួយបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់ភ្ញៀវទេចរក៏ដូចជាពលករឆ្លងដែនអន្តរជាតិ ដើម្បីលើកស្ទួយនូវជីវភាពដំណើរចេញ​-ចូលរបស់ពលករខ្មែរ។

បន្ថែមពីនេះ លោកក៏បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនជួយសម្រួលបែបបទ និងឯកសារនានាឱ្យមានប្រសិទ្ធភាព និងឆាប់រហ័សជូនដល់ពលករខ្មែរ៕