(ភ្នំពេញ)៖ លោក លី រី សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន និងសមាជិកក្រុមការងារគណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ ដែលជាបុគ្គលមួយរូបធ្លាប់គូសខ្វែងសន្លឹកឆ្នោតដែរនោះ បានចេញបកអាក្រាតពីនយោបាយដ៏ពិសពុលរបស់គណបក្សភ្លើងទៀន ហើយលោកក៏សម្រេចចិត្តដើរចេញពីបក្សភ្លើងទៀនដ៏អាក្រកើនេះ ដើម្បីស្នើសុំចូលរួមជីវភាពនយោបាយដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
នៅក្នុងឃ្លីបវីដេអូមួយ លោក លី រី បានអះអាងថាខ្លួនធ្លាប់គូសខ្វែងលើសន្លឹកឆ្នោត កាលពីអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កន្លងទៅ តាមការញុះញង់បោកប្រាសរបស់ជនក្បត់ជាតិ សម រង្ស៉ី ហើយក៏ត្រូវបានតុលាការសម្រេចអនុវត្តទោសតាមច្បាប់ ប៉ុន្តែឥឡូវនេះលោកត្រូវបានតុលាការអអនុគ្រោះឱ្យនៅក្រៅឃុំ។
លោកបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងស្ថាប័នតុលាការ ដែលបានផ្ដល់ក្ដីអនុគ្រោះឱ្យលោកបាននៅក្រៅឃុំ បន្ទាប់ពីអនុវត្តទោសមួយរយៈមកនោះ។
លោក លី រី ក៏បានបកអាក្រាតពីទណ្ឌិត សម រង្ស៉ី និងគណបក្សភ្លើងទៀន ដែលមិនដែលនឹកនាអើពើចំពោះសកម្មជនរបស់ខ្លួន ដែលធ្លាប់អនុវត្តតាមគណបក្ស រហូតដល់ជាប់ទោសទណ្ឌនោះឡើយ។ លោកថា «ព្រោះគណបក្សភ្លើងទៀនគឺចង់ឱ្យសកម្មជនជាប់ពន្ធនាគារកាន់តែច្រើន នោះគេនឹងកាន់តែមានទុននយោបាយកាន់តែច្រើនក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាល»។
ដោយមើលឃើញពីសារជាតិដ៏ពិសពុលរបស់គណបក្សភ្លើងទៀនយ៉ាងដូច្នេះហើយ លោក លី រី ក៏បានសម្រេចចិត្តលាលែងដើរចេញពីគណបក្សនេះចាប់ពីពេលនេះតទៅ និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា៕
សូមស្ដាប់ការបកស្រាយរបស់លោក លី រី៖