(ភ្នពេញ)៖ គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ (CLV) ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានទៅទស្សនកិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ។
សមាជិកគណៈប្រតិភូសភាកម្ពុជាទាំងអស់មកពីបីគណៈកម្មការ សរុប៨រូប រួមមាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (លោក សួស យ៉ារ៉ា លោក ទីសុគន្ធ លោក ស៊ន សារ៉ាណា និងលោក សុះ មុះសិន) គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ:(លោក កែប ជុតិមា និងលោកស្រី អ៊ុន សុគន្ធា) គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (លោក ស៊ូ ភិរិន្ទ និងលោក ឈឹម ម៉ា)។
ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគីវៀតណាម មាន លោក ឡេ អាញ់ ទួន (Lê Anh Tuấn) អនុប្រធានប្រចាំការគណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកអភិបាលរងខេត្ត ហ្សា ឡាយ លោក ហ្វាម ហ័ងហាយ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងសហការីជាច្រើនរូបទៀត។
ក្រោយពីបានឡើងទៅដល់លើកំពូលភ្នំ ដែលមានស្ដូបឈ្មោះប្រទេសទាំងបីរួចមក គណៈប្រតិភូបានបន្តទៅទស្សនាស្វែងយល់អំពីរោងចក្រ Quicornac ដែលជារោងចក្រកែច្នៃផ្លែផាស់សិន។ នេះជាគំរូនៃការអភិវឌ្ឍមួយដែលអាចផ្ដល់ជាគំនិតអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ខេត្តជាប់ព្រំដែនផ្សេងទៀត។
នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានធ្វើទស្សនកិច្ចរួមគ្នាទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្ដើមមួយរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងបី។
សម្រាប់ថ្ងៃទី១ នៃដំណើរទស្សនកិច្ចនេះ គណ:ប្រតិភូនៃរដ្ឋសភាកម្ពុជាក៏បានសង្កេតឃើញ និងកោតសរសើរដល់ប្រទេសវៀតណាមដែលបានធ្វើការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ជាប់ព្រំដែនបានល្អ ជាពិសេសបានចាប់ផ្តើមធ្វើការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាច្រើនបង្គោលនៅលើកំពូលភ្នំ ក្នុងខេត្តជាប់ព្រំដែន៕