(ភ្នំពេញ)៖ អង្គការ APLE និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បន្តរៀបចំកម្មវិធីលើកកម្ពស់​ការយល់ដឹងពីកិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់អាណាព្យាបាល​៥៤នាក់ មកពីខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិ World Childhood Foundation នៃប្រទេសស៊ុយអែត។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិនៃសាខាកាកបាទ​ក្រហម​កម្ពុជារាជធានីភ្នំពេញ និងលោក ណេង វណ្ណៈ តំណាងអង្គការ APLE។ កម្មវិធីនេះមានគោល​បំណងពង្រឹងចំណេះដឹងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ធ្វើការឆ្លុះបញ្ចាំង​ឈ្វេង​យល់​លើការប្រើប្រាស់អ៉ីនធឺណិត និងការទំនាក់ទំនងតាមបច្ចេកវិទ្យារបស់កុមារ និងយុវជននៅប្រទេស​កម្ពុជា ឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់អ៉ីធឺណិត និងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាម​ប្រព័ន្ធអនឡាញ និងការឆ្លើយតបចំពោះបញ្ហានេះ។

បើតាមនាយកប្រតិបត្តិនៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា «ឪពុកម្តាយ និងអា​ណាព្យាបាលនៅតែដើរតួនាទីសំខាន់ណាស់ក្នុងការរក្សាសុវត្ថិភាពកូនៗ និងកុមារដទៃទៀតក្នុង​សហគមន៍​ពីព្រោះពួកគាត់រស់នៅជិតស្និតជាមួយពួកគេ។ ហេតុដូច្នេះ ឪពុកម្តាយ និងអាណាព្យាបាលត្រូវតែបន្ត​យក​ចិត្តទុកដាក់តាមដាន និងណែនាំកូនៗឱ្យយល់ដឹងពីហានិភ័យ និងការរក្សាសុវត្ថិភាពនៅពេលពួក​គេប្រើ​ប្រាស់ប្រព័ន្ធអ៉ីនធឺណិត ឬអនឡាញ»

តាមការសិក្សាស្រាវជ្រាវ បានឱ្យដឹងថាអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតា​មប្រព័ន្ធអន​ឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បានក្លាយជាក្តីបារម្ភ​ថ្មីមួយទៀត​ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ​តាមប្រព័ន្ធ​អន​ឡាញនេះ។

តំណភ្ជាប់អ៉ីនធឺណិតនៅកម្ពុជា បានកើនឡើងជាលំដាប់ ហើយមនុស្សកាន់តែច្រើនឡើងៗរួមទាំង​កុមារ​មានលទ្ធភាព​ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ការសិក្សាថ្មីលើការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា  (Disruptiong Harm Study in Cambodia) បានបង្ហាញថា កុមារ ជាង៨០% ដែលមានអាយុ​ចន្លោះពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ បានប្រើប្រាស់ និងភ្ជាប់អ៉ីនធឺណិតច្រើនជាងមនុស្សពេញវ័យ ខណៈ​ដែល​កុមារ និងក្មេងវ័យជំទង់ បានចំណាយពេលវេលាច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត ពួកគេភាគ​ច្រើន​មិនបានដឹងពីហានិភ័យ និងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធ​អនឡាញ​នោះទេ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់អង្គការ APLE ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ មាន​ការរាយការណ៍ចំនួនជាង១៨០ករណី ដែលពាក់ព័ន្ធនឹងអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើ​កុមារ ហើយមាន ១៣០ករណី ដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕