(កណ្ដាល)៖ ការប្រណាំងទូក នៅក្រុងតាខ្មៅ ដែលប្រព្រឹត្តិទៅមួយព្រឹកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើឡើងរលូនល្អ និងប្រកបដោយភាពជោគជ័យ ជាមួយនឹងស្នូរសម្លេងសប្បាយរីករាយ ហ៊ោរកញ្ច្រាវពីសំណាក់ប្រជាពលរដ្ឋ និងក្រុមកីឡាករចំណុះទូក ក្រោមម្លប់សន្តិភាព។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មើលឃើញពីភាពរីករាយណាស់ និងចង់ញ៉ាំងឱ្យកាន់អធិកអធ័មឡើង និងជាការលើកទឹកចិត្តផងនោះ លោកបានប្រកាសឧបត្ថម្ភបន្ថែមទៅលើកីឡាករអ៊ុំ ដើម្បីជាការលើកទឹកចិត្តដល់អ្នកផ្ទះរបស់កីឡាករផងដែរ។

ជាមួយនឹងសម្រែកស្រែកហ៊ោរកញ្រ្ចាវពេញដោយក្ដីសុខ សប្បាយរីករាយរបស់ក្រុមកីឡាករ និងប្រជាពលរដ្ឋ, លោក គង់ សោភ័ណ្ឌ បានថ្លែងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុ ម៉ាណែត ដែលខិតខំកសាងប្រទេសជាតិ និងដឹកនាំឱ្យកាន់តែរីកចម្រើនឡើងទៅមុខជាលំដាប់។

ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត បានថ្លែងថា ពួកគាត់ពិតជារំភើប សប្បាយរីករាយណាស់ដែលបានឃើញស្រុកទេសមានសន្តិភាព ពិសេសថ្ងៃនេះខេត្តកណ្ដាល រៀបចំពិធីបុណ្យអុំទូកទៀតដែលមើលឃើញមានភាពសប្បាយរីករាយ អ៊ូអរណាស់ មានទាំងកម្មវិធីតន្ត្រី ចម្រៀងកម្សាន្ត សម្បូរតូបលក់ម្ហូបអាហារឆ្ងាញ់ៗ ភេសជ្ជ:គ្រប់មុខ កន្លែងកម្សាន្តសប្បាយ ព្រមជាមួយនឹងសន្តិសុខល្អណាស់ ព្រោះឃើញសុទ្ធតែសមត្ថកិច្ចយាមកាមគ្រប់ច្រកល្ហក មានសុវត្ថិភាពល្អណាស់។ «ល្ងាចបន្តិចពួកខ្ញុំនឹងមកលងទៀត ព្រោះពេលយប់គឺកាន់តែស្អាត មានភ្លើងចម្រុះពណ៍ តន្ត្រីកន្ត្រាក់អារម្មណ៍ ហើយពិសេសមានការបាញ់កាំជ្រួច បណ្ដែតប្រទីបទៀតផង ដែលទាំងនេះផ្ដើមចេញពីការដឹកនាំដ៏ល្អរបស់លោក គង់ សោភ័ណ្ឌ ដែលខិតខំលះបង់កម្លាំងកាយ-ចិត្ត គ្រប់បែបយ៉ាងមិនគិតពីការនឿយហត់ ដើម្បីធ្វើពលរដ្ឋខេត្តកណ្ដាលពេញចិត្ត ពេញថ្លើម មានភាពសប្បាយរីករាយឥតឧបមា»

សូមជម្រាបថា អភិបាលខេត្តកណ្តាល បានឧបត្ថម្ភគាំទ្រដល់កីឡាករដែលចូលរួមទាំងអស់ ចំនួន៤,១៥២នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, សារុង១ និងថវិកាចំនួន ៥០,០០០ម៉ឺនរៀល។

ទូកដែលចូលរួមប្រណាំងមានចំនួន ៧៤ទូក ក្នុងនោះមានទូកខ្នាតអន្តរជាតិនារី ចំនួន ០២ទូក, ទូកខ្នាតអន្តរជាតិបុរស ចំនួន៣២ទូក, ទូកអុំបុរស ចំនួន ៣៥ទូក និងទូកចែវបុរស ចំនួន ០៥ទូក សរុបកម្លាំងអ៊ុំចំនួន ៤,១៥២នាក់៕